(ប៉េកាំង)៖ ទាក់ទិននឹងពេលថ្មីៗកន្លងទៅនេះ អាមេរិកបានរិះគន់ដោយឯកតោថាប្រទេសចិនជាអ្នកញាក់ខ្សែពីក្រោយនៃករណីអត្រាប្តូរប្រាក់យាន់ចិន លោក Maurice Obstfeld សេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងប្រាប់ប្រព័ន្ធសារព័ត៌មានអាមេរិកថា «យើងគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា ប្រទេសចិនបានធ្វើការញាក់ខ្សែពីក្រោយក្នុង ករណីអត្រាប្តូរប្រាក់យាន់ចិននោះឡើយ»។
តាមពិតសម្តីដែលថា «ប្រទេសចិនជាអ្នកញាក់ខ្សែពីក្រោយនៃអត្រាប្តូរប្រាក់» គឺជាការនិយាយច្រំដែលរបស់អាមេរិកទៅហើយ ដែលវាគ្មានភស្តុតាងអ្វីជាពិតប្រាកដនោះទេ។ ដូចអ្វីដែលលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានមានប្រសាសន៍ថា អត្រាប្តូរប្រាក់យាន់ចិនត្រូវបានកំណត់ទៅតាមការផ្គត់ផ្គង់និងតម្រូវការទីផ្សារ ប្រទេសចិនគ្មានបំណងជំរុញការនាំចេញតាមរយៈការធ្វើឲ្យលុយធ្លាក់ថ្លៃបែបប្រកួតប្រជែងនោះឡើយ។
អ្នកវិភាគបានសម្គាល់ឃើញថា គ្មានមូលហេតុអ្វីដែលប្រទេសចិនចាំបាច់ត្រូវទៅញាក់ខ្សែពីក្រោយក្នុងរឿងអត្រាប្តូរប្រាក់ដើម្បីជំរុញការនាំចេញរបស់ខ្លួននោះទេ ពោលគឺមានហេតុផល សំខាន់ៗចំនួន ៣៖ ទីមួយ ការប្រើប្រាស់ក្នុងស្រុកបានក្លាយទៅជាកម្លាំងដ៏លេចធ្លោសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិចិន ។ ទីពីរ៖ ការពង្រីកការបើកទូលាយ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទ្រទ្រង់មូលធនប្រាក់យាន់ចិន និងទីបី ការលូកដៃធ្វើឲ្យប្រាក់យាន់ចិនធ្លាក់ថ្លៃគឺជាទង្វើដែលធ្វើឱ្យខ្លួនមានការខាតបង់ច្រើនជាងការទទួលបានផល។
ដូចគ្នានឹងការវិភាគនៃអ្នកជំនាញដែរ ភាពប្រែប្រួលនៃអត្រាប្តូរប្រាក់យាន់ចិននាពេលថ្មីៗនេះ គឺដោយសារសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានកើនឡើង ដោយសារប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ និងដោយសារការកើនឡើងនៃចិត្តគំនិតដែលចង់គេចវេះពីហានិភ័យជាសកល។ និយាយជារួមភាពប្រែប្រួលនៃអត្រាប្តូរប្រាក់យាន់ចិន នាពេលថ្មីៗនេះគឺស្ថិតក្នុងចន្លោះសមហេតុផល។ ប្រទេសចិនគ្មានភាពចាំបាច់អ្វីទៅលូកដៃក្នុងនិន្នាការនៃអត្រាប្តូរប្រាក់យាន់ចិននោះទេ៕