ស្ពានចំលែកមួយនៅវៀតណាម បង្កប់លក្ខណៈពិសេសគួរឲ្យស្វែងយល់! (Photo inside)
31-07-2018 17:15
(ហាណូយ)៖ សំណង់ស្ពានមួយខ្សែនៅជាយក្រុងដាណាង នៃប្រទេសវៀតណាម កំពុងទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ដោយសារតែក្បូចរចនាដ៏អស្ចារ្យ និងឡូយឆាយរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Boredpanda នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ដោយត្រូវគេស្គាល់ថា «ស្ពានមាស» សំណង់ស្ថាបត្យកម្មនេះស្ថិតនៅកម្ពស់ ១,៤០០ម៉ែត្រ នៅលើភ្នំបាណា ដែលប្រការនេះអាចផ្តល់ឲ្យភ្ញៀវទេសចរទាំងឡាយ គយគន់នូវទស្សនីយភាពដ៏ស្រស់បំព្រងនៃទីជនបទ ដែលនៅជុំវិញនោះ។ សម្រាប់ផ្លូវដើររបស់ស្ពានវិញមានពណ៌មាស ដែលស៊ីជាមួយនិងផ្កាយពណ៌ស្វាយនៅអមសងខាង ហើយលាតសន្ធឹងប្រវែងជិត ១៥០ម៉ែត្រ និងរាងកោង។
ប៉ុន្តែចំណុចពិសេសនៃស្ពាននេះ គឺប្រអប់ដៃយក្សមួយគូ ដែលមើលទៅហាក់ដូចជាទម្រនៅពីខាងក្រោមវា។ ប្រអប់ដៃដូចគេឆ្លាក់នេះ តាមពិតត្រូវបានរចនាឡើងជាពិសេស ចេញពីគ្រោងដែកថែបដ៏រឹងមាំ។
គួរជម្រាបថា បច្ចុប្បន្នវិស័យទេសចរណ៍កំពុងមានសន្ទុះឡើងយ៉ាងខ្លាំងក្លា នៅប្រទេសវៀតណាម ហើយសំណង់ស្ពានខាងលើនេះ គឺស្ថិតក្នុងផ្នែកនៃគម្រោងវិនិយោគទុនមួយតម្លៃ ០២ពាន់លានដុល្លារ ដើម្បីទាក់ទាញភ្ញៀវទេសចររាប់លាននាក់ថែមទៀត៕