គ្រោះមហន្តរាយទឹកជំនន់នៅមីយ៉ាន់ម៉ា «បង្កឲ្យមនុស្ស១០នាក់ស្លាប់» និងជាង១សែននាក់ភៀសខ្លួន!
31-07-2018 15:32
(មីយ៉ាន់ម៉ា)៖ មនុស្សសរុប១០នាក់ហើយបានស្លាប់ និងច្រើនជាង ១០០,០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយភ្លៀងមូសុងជន់លិចភូមិជាច្រើននៅឯតំបន់ភាគកណ្ដាល និងភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមីយ៉ាន់ម៉ា បានជម្រុញឱ្យប្រជាជននៅក្បែរ ឬនៅតាមបណ្ដាយច្រាំងទន្លេភៀសខ្លួនជាបណ្ដោះអាសន្ន ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈទឹកទន្លេឡើងខ្ពស់ដល់ប្រកាសអាសន្ន ហើយទឹកជំនន់ក៏បានកាត់ផ្ដាច់ផ្លូវ និងជន់លិចភូមិជាច្រើនផងដែរ។
ដោយឡែកមកទល់នឹងថ្ងៃអង្គារនេះមនុស្សជាង ១១៩,០០០នាក់ ក្នុងខេត្តចំនួន០៥ ជាពិសេសតំបន់ភាគកណ្ដាលនៃប្រទេស ដែលរងគ្រោះខ្លំាងជាងគេត្រូវបានជម្លៀស រីឯមនុស្ស ៧០,០០០នាក់ រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់នៃរដូវភ្លៀងមូសុងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ បានផ្ដាច់យកជីវិតមនុស្សប្រមាណ ១០០នាក់ និងច្រើនជាង ២០០,០០០នាក់ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នៅពេលនោះ៕