(ហាណូយ)៖ វៀតណាមមានការកាក់កបយ៉ាងខ្លាំង នៅក្នុងវិស័យនាំចេញអាហារសមុទ្រ សម្រាប់អំឡុងពេល ០៧ខែដំបូងនៃឆ្នាំ២០១៨នេះ ដោយរកបានចំណូលប្រមាណ ៤.៧ពាន់លានដុល្លារដែលមានកំណើន ៨.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសមាគមអ្នកនាំចេញអាហារសមុទ្រវៀតណាម ប្រទេសអាស៊ានមួយនេះ ត្រូវគេរំពឹងថា នឹងរកចំណូលបានពីការនាំចេញអាហារសមុទ្រចំនួនពី៨.៥ ទៅ ០៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៨នេះទាំងមូល ពោលគឺច្រើនជាងឆ្នាំមុនដែលរកចំណូលបានជាង ៨.៣ពាន់លានដុល្លារ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ វៀតណាមបានធ្វើការនាំចេញគ្រឿងសមុទ្រសរុបជាង ៧.២លានតោន ដោយក្នុងនោះ ៣.៤លានតោនបានមកពីការនេសាទ និងជាង ៣.៨លានតោន បានមកពីការចិញ្ចឹម។ ប្រភេទអាហារសមុទ្រដែលផ្តល់ចំណូលបានច្រើនជាងគេតាមរយៈការនាំចេញបង្គារតែម្តង ហើយផ្សេងៗទៀតមានដូចជា មឹក ត្រីធូណា និងក្តាមជាដើម៕