(ម៉ូស្គូ)៖ សារព័ត៌មានអូស្រ្ដាលី ABC កាលពីសប្ដាហ៍មុន ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក លើទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហាខាងមុខនេះ។ មិនតែប៉ុណ្ណោះ ABC ក៏បានបញ្ជាក់ដែរថា អូស្ត្រាលី អង់គ្លេស កាណាដា និងនូវែលសេឡង់ អាចនឹងចូលរួមក្នុងប្រតិបត្តិការនេះដែរ។ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែដឹងថា បើសិនជាគំរោងនេះត្រូវបានអនុវត្តមែន នោះវិបត្តិប្រេងសកលលោក វិបត្តិជនភៀសខ្លួន និងសង្រ្គាមមហន្តរាយនៅក្នុងតំបន់អាចនឹងផ្ទុះឡើង។
ដូច្នេះ តើសហរដ្ឋអាមេរិកមានផែនការវាយប្រហារលើអ៊ីរ៉ង់ពិតមែនដែ ឬទេ? ខាងក្រោមនេះ គឺជាហេតុផលខ្លះដែលគួរតែដឹងថា តើលោក ដូណាល់ ត្រាំ កំពុងមានផែនការប្រកាសសង្រ្គាមជាមួយអ៊ីរ៉ង់ ឬយ៉ាងណា៖
១៖ ការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់២០១៥
កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយឯកតោភាគី ភ្ជាប់ជាមួយការព្រមានឱ្យបណ្ដាប្រទេសដទៃឈប់ទិញប្រេងពីអ៊ីរ៉ង់ នៅត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ និងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ជាថ្មីទៀតផង។
២៖ អ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Hormuz
ក្រោយទទួលការព្រមានពីលោក ត្រាំ អ៊ីរ៉ង់ក៏បានព្រមានតបវិញដែរថា នឹងបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងឆ្លងកាត់ដ៏សំខាន់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ លើសពីនេះទៅទៀត បើតាមសារព័ត៌មាន CNN បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងពិចារណាលើជម្រើសយោធា ដែលអាចធ្វើយ៉ាងណាឱ្យច្រកសមុទ្រ Hormuz នៅតែបើកដំណើរការដដែល តាមរយៈជំនួយពីអារ៉ាប៊ីសាអូឌីត។
៣៖ មេបញ្ជាការអ៊ីរ៉ង់ព្រមានបំផ្លាញអ្វី ដែលសហរដ្ឋអាមេរិកកំពុងមាន
មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Mohammad Hossein Bagheri បានព្រមានថា បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារណាមួយប្រឆាំងនឹងតេហេរ៉ង់ នោះអ៊ីរ៉ង់នឹងបំផ្លាញផលប្រយោជន៍របស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងអ្វីដែលសហរដ្ឋអាមេរិក កំពុងមានក្នុងពេលបច្ចុប្បន្ន។
៤៖ លោក ដូណាល់ ត្រាំ តែងតាំងលោក ចន បូលតុន (John Bolton) ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក
ការប្រើប្រាស់កម្លាំងយោធារបស់ លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា វាត្រូវបានបង្ហាញតាមរយៈការតែងតាំងលោក ចន បូលតុន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក។ លោក បូលតុន គឺជាមនុស្សម្នាក់ដែលមានគោលនយោបាយម៉ឺងម៉ាត់ ជាពិសេសលោក គឺជាមនុស្សម្នាក់ដែលគាំទ្រការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងកូរ៉េខាងជើងផងដែរ។
ជាក់ស្ដែងទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ថែមទាំងធ្លាប់បានសន្យាទៀតផងថា ការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ អាចនឹងកើតមាននៅ ដំណាច់ឆ្នាំ២០១៨ នេះ។ «ដើម្បីទប់ស្កាត់គ្រាប់បែករបស់អ៊ីរ៉ង់ យើងត្រូវទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់មុន»។ នេះគឺសម្រង់សម្ដីពីលោក បូលតុន ចុះផ្សាយដោយសារព័ត៌មាន New York Times។
៥៖ សហរដ្ឋអាមេរិកកំពុងមានផែនការ បង្កើតកងកម្លាំងណាតូ-អារ៉ាប់ឡើងវិញ
តាមរយៈការព្រមានបណ្ដាប្រទេសអារ៉ាប់ នៅក្នុងតំបន់ពីការឈ្លានពាន សកម្មភាពភេរវកម្ម និងភាពជ្រុលនិយម រួមទាំងការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់កាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងជួយជ្រោមជ្រែងបណ្ដាប្រទេស អារ៉ាប់ក្នុងការបង្កើតសម្ព័ន្ធភាពយោធាមួយ មានទម្រង់ប្រហាក់ហែលនឹងអង្គការណាតូ នោះគឺណាតូ-អារ៉ាប់ ដើម្បីប្រមូលកម្លាំងប្រឈមមុខនឹងអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការចេញផ្សាយរបស់សារព័ត៌មានអូស្រ្ដាលី ABC កាលពីសប្ដាហ៍មុនគឺ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចនឹងបើកការវាយប្រហារទម្លាក់គ្រាប់បែក លើទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហាខាងមុខនេះ កើតមានឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ជាមួយរដ្ឋមន្ត្រី ការពារជាតិអូស្រ្ដាលីលោកស្រី Marise Payne និងរដ្ឋមន្ត្រីការបរទេសលោកស្រី Julie Bishop ក្នុងកិច្ចប្រជុំប្រចាំឆ្នាំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រី អាមេរិក-អូស្រ្ដាលី (AUSMIN) ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្ដាហ៍មុន។
ប៉ុន្តែលោក James Mattis បានទាត់ចោលសេចក្ដីរាយការណ៍នេះ ហើយនាយករដ្ឋមន្ត្រីអូស្រ្ដាលីលោក Malcolm Turnbull ក៏បានបដិសេធផងដែរ ដោយអះអាងថា មិនមានហេតុផលណាមួយឱ្យលោកជឿថា សហរដ្ឋអាមេរិកនឹងបើកការវាយប្រហារលើអ៊ីរ៉ង់នោះទេ៕
ប្រភព៖ Russian Today (RT) ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨