(ន័រវែស)៖ ខ្លាឃ្មុំទឹកកកមួយក្បាលត្រូវបានគេបាញ់សម្លាប់ចោល ក្រោយពីវាបានវាយប្រហារទៅលើបុគ្គលិក នៃនាវាទេសចរណ៍មួយគ្រឿងរបស់អាល្លឺម៉ង់ នៅឯប្រជុំកោះ Svalbard នៃប្រទេសន័រវែស លើផ្ទៃមហាសមុទ្រទឹកកកអាក់ទិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
បុរសរងគ្រោះខាងលើមានវ័យខ្ទង់ ៤០ឆ្នាំ បានរងរបួសចំក្បាល ក្រោយចុះទៅលើកោះ Spitzbergen បានតែមួយភ្លែតប៉ុណ្ណោះ ដើម្បីធ្វើការអមដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមកពីកប៉ាល់ MS Bremen នៃក្រុមហ៊ុន Hapag-Lloyd។ បើតាមការបញ្ជាក់ពីអាជ្ញាធរ ខ្លាឃ្មុំខាងលើត្រូវបានបាញ់សម្លាប់ដោយបុគ្គលិកម្នាក់ទៀត នៅលើកប៉ាល់ ខណៈក្រុមហ៊ុន Hapag-Lloyd បានអះអាងថា វាគឺជាការការពារខ្លួនប៉ុណ្ណោះ និងជារឿងគួរឲ្យសោកស្តាយជាខ្លាំង។ ចំណែកបុរសរងគ្រោះវិញត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ តែពុំមានការគំរាមកំហែងដល់អាយុជីវិតរបស់លោកឡើយ។
គួរជម្រាបថា ពូជខ្លាឃ្មុំទឹកកក Polar Bear នេះ បាននិងកំពុងស្ថិតក្រោមការពារនៅប្រទេសន័រវែស ចាប់តាំងតែពីឆ្នាំ១៩៧៣ មកម្ល៉េះហើយក្នុងការធ្វើជំរឿនកាលពីឆ្នាំ២០១៥ ប្រភេទសត្វស៊ីសាច់ដ៏កម្រនេះ មានចំនួនជិត ១,០០០ក្បាល នៅលើតំបន់ប្រជុំកោះ Svalbard៕