(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី បានអះអាងជាថ្មីឡើងវិញថា ចិននៅតែបើកចំហទ្វារចរចាដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដ្បិតទីក្រុងទីក្រុងប៉េកាំង មិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនឹងប្រទេសណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរែមី (Jeremy) លោក វ៉ាង យី បានកត់សម្គាល់ថា ចិន និងសហរដ្ឋអាមេរិក គួរតែដោះស្រាយជម្លោះពាណិជ្ជកម្ម តាមរយៈក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។ បន្ថែមពីលើនេះលោក វ៉ាង ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងនៅតែបើកទ្វារចំហ ជានិច្ចដើម្បីចរចានឹងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកហាក់ដូចជាបានព្យាយាមបញ្ជៀសសង្រ្គាមពាណិជ្ជកម្មកាលពីខែឧសភា ដោយទីក្រុងប៉េកាំងយល់ព្រមទិញផលិតផលកសិកម្ម និងថាមពលអាមេរិកបន្ថែម។ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបរាជ័យ រហូតធ្វើឱ្យភាគីទាំង ប្រកាសតម្លើងពន្ធលើផលិតផលនាំចូលដាក់គ្នាទៅវិញទៅមក ហើយសហរដ្ឋអាមេរិក បានព្រមានតម្លើងពន្ធបន្ថែមជាង ៤៥០ពាន់លានដុល្លារ លើផលិតផលចិន ខណៈមកទល់ពេលនេះ ពុំទាន់មានកិច្ចចរចាជាថ្មីរវាងមហាអំណាចទាំងពីរឡើយ៕