(គូឡាឡាំពួរ)៖ របាយការណ៍​លម្អិតមួយ​​​ស្តីពីការបាត់ខ្លួន​កាលពី​ឆ្នាំ២០១៤ នៃយន្តហោះដឹក​អ្នកដំណើរ MH370 របស់អាកាសចរណ៍​​ម៉ាឡេស៊ី ដែលទើបចេញផ្សាយ​នាថ្ងៃចន្ទនេះ ​ដោយក្រុមស៊ើបអង្កេត​សុវត្ថិភាព​​​​នៃប្រទេសម៉ាឡេស៊ី មិនបាន​​កំណត់ពី​មូលហេតុពិត​ប្រាកដ​ នៅ​ពីក្រោយហេតុការណ៍​ដ៏អាថ៌កំបាំងនេះ​ឡើយ ហើយមិនអាចផ្តល់​ចម្លើយដល់សំណួរ​ជាច្រើន ដោយសារកង្វះខាត​នៃភស្តុតាង។ នេះ​បើតាមការដក​ស្រង់ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

យន្តហោះជើង​ហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែលមានផ្ទុក​​មនុស្សសរុប ២៣៩នាក់ បានបាត់​ចេញ​​ពីប្រព័ន្ធរ៉ាដា នៅអំឡុងពេល​ធ្វើដំណើរ​តាមផ្លូវហោះហើរ​​ ចេញពី​រដ្ឋធានី​គូឡាឡាំពួរ នៃប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង​​នៃ​ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។

ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនេះ បំណែកយន្តហោះ​ត្រឹមចំនួន​ ០៣​បំណែក ប៉ុណ្ណោះ ដែលត្រូវបានទទួល​ស្គាល់ថា ពិតជា​របស់ MH370 ប្រាកដមែន ហើយពួកវា​ត្រូវបានគេរកឃើញ​ នៅឆ្នេរ​ភាគខាងលិច​​មហា​សមុទ្រ​​ឥណ្ឌា ប៉ុន្តែពុំមានភស្តុតាំង​អ្វី​បន្ថែមទៀត ឬសូម្បីមូលហេតុបាត់ខ្លួន និងធ្លាក់ MH370 ពិតប្រាកដ​ដែលត្រូវបាន​បកស្រាយឲ្យ​គ្រប់គ្នាទទួល​យកបាននោះ​ឡើយ។

គួរជម្រាបថា របាយការណ៍​ខាងលើ​បានកើតមាន​ឡើ​ នៅរយៈពេល ០២ខែ​បន្ទាប់ពី​ រដ្ឋាភិបាល​ម៉ាឡេស៊ី បានសម្រេចបញ្ឈប់​ប្រតិ​បត្តិការរុករកនៅក្រោមផ្ទៃទឹក​នៃយន្តហោះ ដែលប្រព្រឹត្តដោយ​ក្រុមហ៊ុនឯកជន៕