(ម៉ា​នីល)៖ ​ប្រទេសហ្វីលីពីន​ទើបតែបានទទួល​ស្វាគមន៍ជាខ្លាំង នូវការបរិច្ចាគ​របស់ប្រទេសចិន​នូវ​កាណូតល្បាត​​ចំនួន ០៤គ្រឿង ព្រម​ទាំង​​កាំភ្លើង​​ផ្លោង​​​គ្រាប់បែក ៣០ឈុត​ មកកាន់កងទ័ពជើង​ទឹក​ហ្វីលីពីន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីនហួរ នៅរសៀលថ្ងៃ​​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យទ័ពជើង​ទឹកហ្វីលីពីន​លោក ចូណាថាន់ ហ្សាតា (Jonathan Zata) បានឲ្យដឹងថា កាណូត​និងអាវុធទាំងអស់ខាងលើ ត្រូវបានប្រគល់មកកាន់​ប្រទេសហ្វីលីពីន​កាលពីសប្តាហ៍មុន ហើយលោក Zata បាន​បន្ថែមថា ​កងទ័ពជើងទឹក នាខណៈនេះកំពុងទទួលការ​ហ្វឹកហាត់​​អំពីរបៀបប្រើប្រាស់ និងជួលជុលថែទាំ កាណូតខ្នាត​តូចនេះ។

គួរជម្រាបថា បើតាមការបញ្ជាក់​ពីឯកអគ្គរដ្ឋទូតចិន យានជំនិះ និងអាវុធខាងលើ ត្រូវបានប្រគល់មក​ឲ្យ​ប្រទេសហ្វីលីពីន ដើម្បី​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម ព្រមទាំងហិង្សា​ជ្រុលនិយម​ផ្សេងៗ៕