(វ៉ាស៊ីនតោន)៖ ផ្កាយរណបឆ្លុះភពថ្មីបំផុតរបស់ទីភ្នាក់ងារអវកាស NASA បានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់វាហើយកាលពីសប្តាហ៍មុន ហើយសំណុំទិន្នន័យដំបូងរបស់វា ត្រូវគេរំពឹងថា នឹងបញ្ជូនមកកាន់ផែនដីនៅខែសីហាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
កែវយឺតអវកាសដែលមានឈ្មោះពេញថា Transiting Exoplanet Survey Satellite នេះត្រូវបានគេបាញ់បង្ហោះឡើង ទៅទីអវកាសកាលពីថ្ងៃទី១៨ ខែមេសា ហើយវាគឺជាផ្កាយរណបដែលមានតួនាទី តាមឆ្លុះរកភពអេលៀនដែលស្ថិតនៅក្រៅរង្វង់នៃប្រព័ន្ធព្រះអាទិត្យយើង។ កែវយឺតអវកាស TESS នឹងធ្វើការសង្កេតទៅលើកម្រិតពន្លឺនៃផ្កាយជាង ២០០,០០០ដួង សម្រាប់រយៈពេល ០២ឆ្នាំ ដើម្បីស្វែងរកវត្តមានភពនៅជុំវិញពួកវា។
គួរជម្រាបថា បច្ចុប្បន្ន TESS កំពុងស្ថិតលើគន្លងដ៏ខ្ពស់លើផែនដី ដែលពុំធ្លាប់មានផ្កាយរណបណា ប្រើប្រាស់កាលពីមុនមកឡើយ ហើយវានឹងធ្វើការសិក្សាទៅលើផ្ទៃមេឃប្រមាណ ៩០ភាគរយ ហើយបាញ់បញ្ជូនទិន្នន័យត្រឡប់មកផែនដីវិញជារៀងរាល់ ១៣.៥ថ្ងៃម្តង។
ដោយផ្តោតទៅលើពពួកផ្កាយដែលមានពន្លឺចាប់ពី ៣០ ទៅ ១០០ដងភ្លឺជាងផ្កាយដែលកែវយឺតអវកាស Kepler ធ្លាប់បានសង្កេត TESS ក៏នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការសិក្សានាពេលអនាគត ជាមួយកែវយឺតអវកាស James Webb របស់ NASA ផងដែរ ដែលគ្រោងនឹងបាញ់បង្ហោះនៅខែមីនា ឆ្នាំ២០២១៕