(ហាណូយ)៖ មនុស្ស ១៤នាក់ ជាសមាជិកក្នុងគ្រួសារតែមួយ ក្នុងនោះរួមមានទាំងកូនកំលោះ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះ ថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយ នៅឯភាគកណ្ដាលប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅពេល រថយន្តដឹកពួកគេក្នុងដំណើរផ្លូវឆ្ពោះទៅផ្ទះកូនក្រមុំ បានបុកពេញទំហឹងជាមួយរថយន្ដកុងតឺន័រមួយគ្រឿង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ជនរងគ្រោះទាំង ១៤នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្ត ក្វាងណាំ (Quang Nam) នៅម៉ោង ២៖៣០នាទីរំលងអធ្រាតគឺជាសមាជិកគ្រួសារតែមួយ ដែលធ្វើដំណើរទៅកាន់ផ្ទះគ្រួសារកូនក្រមុំ ស្ថិតនៅក្នុងខេត្តក្បែរ។ នេះបើតាមប៉ូលិសនៅក្នុងតំបន់ ដោយបញ្ជាក់ទៀតអ្នកទាំង ១៤នាក់ មានខ្លះស្លាប់នៅមន្ទីរពេទ្យ ខណៈកូនកំលោះបានស្លាប់ភ្លាមៗនៅនឹងកើតហេតុ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណី គ្រោះថ្នាក់ចរាចរណ៍នេះហើយ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាមមនុស្ស ៨,២០០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសវៀតណាមកាលពីឆ្នាំ២០១៧ ហើយតួលេខនេះគឺធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានមនុស្សស្លាប់ ៨,៦០០នាក់៕