(វ៉ាស៊ីនតោន)៖ នៅថ្ងៃស្អែកនេះ ភពអង្គារ (Mars) និងភពផែនដី នឹងស្ថិតនៅកៀកគ្នាបំផុត គិតចាប់តាំងតែពីបាតុភូតស្រដៀងគ្នានេះ បានកើតមានឡើងកាលពី ១៥ឆ្នាំកន្លងទៅនេះ ហើយនៅពេលនោះ វានឹងងាយឲ្យយើងមើលឃើញណាស់ ដោយវាមានពណ៌ក្រូច និងមានស្ថេរភាពពន្លឺ (មិនព្រិចៗដូចផ្កាយ) ឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដកស្រង់ខ្លឹមសារដោយវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
នារសៀលថ្ងៃទី៣១ ខែកក្កដា (ពេលវេលានៅកម្ពុជា) ភពអង្គារនឹងធ្វើដំណើរដល់ចំណុចកៀកបំផុតនៅក្នុងគន្លងរបស់វា ធៀបនឹងគន្លងរបស់ផែនដី គឺនៅចម្ងាយប្រហែល ៥៧.៦លានគីឡូម៉ែត្រពីភពរបស់យើងប៉ុណ្ណោះ ខណៈនេះគឺជារយៈចម្ងាយផែនដី-ភពអង្គារដ៏ខ្លីបំផុត គិតចាប់តាំងពីឆ្នាំ២០១៣មក។ នៅពេលភពអង្គារ និងផែនដីខិតជិតគ្នា ភពអង្គារនឹងបង្ហាញខ្លួនដោយមានពន្លឺចែងចាំង នៅលើផ្ទៃមេឃរបស់យើង ហើយវាក៏ងាយនឹងមើលឃើញដោយប្រើកែវយឺត ឬភ្នែកទទេ ផងដែរនារាត្រី។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ វាក៏បានរះចែងចាំងនៅលើផ្ទៃមេឃ ក្បែរបាតុភូតច័ន្ទគ្រាសដ៏អស្ចារ្យផងដែរ ប៉ុន្តែនៅយប់ថ្ងៃទី៣១ ខែកក្កដា ស្អែកនេះវានឹងមានពន្លឺភ្លឺជាងនោះបន្តិច ហើយបើអ្នកមានកែវយឺតនោះ ប្រាកដជាអាចផ្តិតយករូបភាពភពអង្គារបានជាមិនខាន ប៉ុន្តែក៏ត្រូវឲ្យមានមេឃស្រឡះបំផុតដែរ ទើបពន្លឺវាអាចបញ្ចេញខ្លាំង។
គួរជម្រាបថា ភពអង្គារតែងមកកៀកផែនដី ដើម្បីល្មមអាចបង្ហាញទស្សនីយភាពបែបនេះ តែមួយ ឬពីរលើកប៉ុណ្ណោះ ក្នុងរយៈពេល ១៥ ឬ ១៧ឆ្នាំម្តង ហើយព្រឹត្តិការណ៍ដូចគ្នាចុងក្រោយនោះ គឺបានកើតឡើងតាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ នៅពេលរយៈចម្ងាយរវាងភពទាំងពីរគឺត្រឹម ៥៥.៧លានគីឡូម៉ែត្រ ជាចម្ងាយកៀកបំផុតនៅក្នុងរយៈពេលជិត ៦០,០០០ឆ្នាំកន្លងទៅ។
យ៉ាងណាក្តី ភពអង្គារនឹងមើលទៅខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាលខែសីហា ដោយសារភពក្រហមនេះ និងផែនដី នឹងធ្វើដំណើរឃ្លាតឆ្ងាយពីគ្នានៅក្នុងគន្លងរៀងៗខ្លួនជុំវិញព្រះអាទិត្យរៀងៗខ្លួន ដែលជាព្រឹត្តិការណ៍ដ៏កម្រ និងគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកចូលចិត្តតាមដានផ្នែកតារាសាស្ត្រ៕