(អាតែន)៖ អាជ្ញាធរប្រទេសក្រិកបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារមហន្តរាយភ្លើងឆេះព្រៃ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងអាក្រក់នៅក្បែរទីក្រុងអាតែន បានកើនឡើងដល់ ៩១នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
អ្វីដែលគួរឲ្យសង្វេគបំផុតនោះ គឺនៅក្នុងចំណោមអ្នកបាត់បង់ជីវិតខាងលើ ក៏មានកុមារមួយចំនួនរួមមាននារីជាកូនភ្លោះអាយុ ១៩ឆ្នាំ, ទារកអាយុទើបតែ០៦ខែម្នាក់ ព្រមទាំងបងប្អូនប្រុសស្រីអាយុ១១ និង១៣ឆ្នាំម្នាក់ រួមជាមួយក្មេងអាយុ ១៣ឆ្នាំម្នាក់ទៀត។ ក្រៅពីនេះជនបរទេសមួយចំនួន ក៏បានស្លាប់ផងដែរ ក្នុងនោះមានជនជាតិអៀរឡង់ ប៉ូឡូញ និងប៊ែលហ្សិក។
គួរជម្រាបថា មកទល់ពេលនេះអាជ្ញាធរពន្លត់អគ្គីភ័យក្រិក កំពុងបន្តស៊ើបអង្កេតទៅលើ មូលហេតុដំបូងដែលបង្កឡើងជាភ្លើងឆេះព្រៃដ៏អាក្រក់នេះឡើង ដោយរដ្ឋាភិបាលមានការសង្ស័យថា ត្រូវធ្វើឡើងដោយសកម្មភាពមនុស្ស៕