(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីកំរិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើកោះ លុមបុក (Lombok) ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ កាលពីព្រឹកថ្ងៃអាទិត្យ បានកើនដល់ ១៤នាក់ និង ១៦២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៦៖៤៧នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ មួយផ្សេងទៀតវាយប្រហារលើតំបន់ដដែល។
USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុងម៉ាតារ៉ាម (Mataram) នៃកោះ Lombok ហើយមិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុងតំបន់ ផងដែរ៕