(ញូដេលី)៖ មនុស្សប្រមាណ ៦០០នាក់បានស្លាប់ នារយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ហើយផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់ លិច ឬត្រូវបានបំផ្លាញ ដោយសារតែទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរឥណ្ឌា បានឱ្យដឹងថា គ្រោះទឹកជំនន់ និងអិលបាក់ដី បានកើតឡើងនៅក្នុងរដ្ឋចំនួន០៦ ដូចជា រដ្ឋ Maharashtra, Kerala, West Bengal, Uttar Pradesh, Gujarat និងរដ្ឋ Assam ហើយរដ្ឋ Maharashtra ស្ថិតនៅភាគនិរតីនៃប្រទេស គឺរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស១៤០នាក់បានស្លាប់។
គួរបញ្ជាក់ថា គ្រោះធម្មជាតិដ៏អាក្រក់នេះ ក៏បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់លានចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ កន្លែងមានសុវត្ថិភាពផងដែរ។ នៅប្រទេសឥណ្ឌា ចាប់ពីខែកក្កដា ដល់ខែសីហា តែងតែទទួលរងគ្រោះដោយសារតែរដូវភ្លៀង មូសុង៕