(តូក្យូ)៖ ព្យុះដ៏មានឥទ្ធិពលមួយ បានវាយប្រហារលើប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ដោយបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាមួយ នឹងល្បឿនខ្យល់បក់រហូតដល់១៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ព្យុះទីហ្វុង Jongdari ក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរនៅឯកោះ Honshu ខណៈមនុស្ស១៦នាក់ បានរងរបួស និងផ្ទះ ១៥០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។ ចំណែកឯ មនុស្ស ៣៦,៤០០នាក់ ត្រូវបានបង្គាប់ឱ្យភៀសខ្លួនទៅកាន់កន្លែងមាន
សុវត្ថិភាពនៅក្នុងទីក្រុង Shobara និង៦,៣០០នាក់ទៀត នៅឯទីក្រុង Kure។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Jongdari បានវាយប្រហារលើប្រទេសជប៉ុន តែជាងពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយគ្រោះទឹកជំនន់ដ៏ប្រល័យ មួយផ្ដាច់ជីវិតប្រជាជនជប៉ុនច្រើនជាង ២០០នាក់៕