(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថា កុមារ០២នាក់ និងជីដូនរបស់ពួកគេម្នាក់ បានស្ថិតនៅក្នុងចំណោមជនរងគ្រោះ ទាំង០៥នាក់ ដែលបានស្លាប់ដោយសារតែភ្លើងឆេះព្រៃនៅឯតំបន់ Shasta ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ទីភ្នាក់ងារពន្លត់អគ្គិភ័យពីរនាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ហើយ មនុស្ស១៧នាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈមនុស្ស ៣៧,០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភ្លើងឆេះព្រៃ ឈ្មោះថា Carr បានចាប់ផ្តើមឆាបឆេះឡើងកាលពីដើមសប្តាហ៍នេះ ដោយវាបានដុតបំផ្លាញផ្ទៃដីទំហំជាង ៤៨,០០០ហិកតា និងសំណង់អគាររាប់សិបខ្នង ព្រមទាំងជិត ៥,០០០ខ្នងទៀត កំពុងស្ថិតក្រោមការគំរាមកំហែងដោយភ្លើងឆេះព្រៃនេះ។
គួរបញ្ជាក់ថា ប្រតិបត្តិការ ដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅនេះវិញ គឺកំពុងមានការចូលរួមពីភ្នាក់ងារពន្លត់អគ្គីភ័យជាង ១,៧០០នាក់ រួមជាមួយរថយន្តពន្លត់អគ្គីភ័យរាប់រយគ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង៕