(អ៊ីស្ដង់ប៊ូល)៖ ប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ បាននិយាយថា ប្រទេសរបស់លោកនឹងប្រឈមមុខជាមួយ សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា បើសិនជាមិន ព្រមដោះលែងអាចារ្យគ្រឹស្តអាមេរិកម្នាក់ ដែលកំពុងជាប់ឃុំទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក អឺដូហ្កាន់ ថ្លែងបែបនេះនៅក្នុងសម្រង់សម្ដីមួយចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយតួកគី នៅថ្ងៃអាទិត្យនេះ។ ប្រធានាធិបតី តួកគីបានគូសបញ្ជាក់ដូច្នេះថា៖«យើងនឹងមិនដកថយឡើយ នៅពេលកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម...ហើយពួកគេ (សហរដ្ឋអាមេរិក) មិនគួរភ្លេចឡើយ ថាពួកគេនឹងបាត់បង់មិត្តដ៏ស្មោះត្រង់ម្នាក់»។
សូមជម្រាបថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងតួកគី កំពុងជួបភាពតានតឹង ដោយសារតែការចាប់ខ្លួនអាចារ្យគ្រឹស្ដអាមេរិក ម្នាក់លោក Andrew Brunson ពីបទចោទថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចកាលពី
ឆ្នាំ២០១៦។ លោក Brunson អាចប្រឈមមុខជាប់ពន្ធនាគារ៣៥ឆ្នាំ នៅក្នុងករណីត្រូវបានគេរកឃើញថាមានទោសដូចការចោទ ប្រកាន់មែននោះ។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន បានព្រមានរួចហើយថានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើតួកគី បើនៅតែមិនព្រម ដោះលែងអាចារ្យគ្រឹស្ដម្នាក់នេះ៕