(ម៉ូស្គូ)៖ ភាគហ៊ុនរបស់ប្រព័ន្ធទំនាក់ទំនងសង្គម Twitter បានធ្លាក់ចុះដល់ទៅ ២១ភាគរយ បន្ទាប់ពីបណ្តាញដែលសង្គមមានមូលដ្ឋាននៅអាមេរិកមួយនេះ បានរាយការណ៍ពី កំណើននៃភាពអវិជ្ជមានរបស់អ្នកប្រើប្រាស់ នៅក្រោយការសម្រេចចិត្តដាក់ចេញវិធានការកម្ចាត់គណនីក្លែងក្លាយ ឬ Fake Account។ នេះបើតាមក្រុមសង្កេតទីផ្សារហ៊ុន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
វែបសាយ Market Watch បានឲ្យដឹងថា តម្លៃរបស់ភាគហ៊ុន Twitter គឺត្រឹម ៣៤.១៣ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលនិយាយរួមគឺជាការខាតបង់មូលធនទីផ្សារប្រមាណ ៦.៦ពាន់លានដុល្លារ។ កាលពីពីរសប្តាហ៍មុននាយក Twitter ដែលទទួលបន្ទុកលើបញ្ហាទំនុកចិត្ត និងសុវត្ថិភាពបានប្រកាសថា ខ្លួននឹងចាប់ផ្តើមលុប Account ក្លែងក្លាយដោយស្វ័យប្រវត្តិរាប់សិបលានគណនី ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតឥទ្ធិពលបោកប្រាស់នៅលើបណ្តាញសង្គម។
ចំណែកនៅប៉ុន្មានថ្ងៃមុននេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា ក្រុមហ៊ុន Twitter កំពុងដាក់កំហិតទៅលើលទ្ធភាពរបស់អ្នកប្រើប្រាស់ ក្នុងការស្វែងរកគណនីរបស់អ្នកនយោបាយល្បីៗនៃគណបក្សសាធារណរដ្ឋរបស់អាមេរិក។ Twitter បានចេញមុខទាត់ចោលការលើកឡើងដែលថា ខ្លួនបានប្រើប្រាស់ការអនុវត្តន៍បែបនេះ ដែលគេហៅថា ការហាមឃាត់ដោយលាក់កំបាំង។
គួរជម្រាបថា ការធ្លាក់ចុះនៃភាគហ៊ុនរបស់ Twitter បានកើតឡើង ទោះបីជាប្រាក់ចំណូលរបស់បណ្តាញសង្គមនេះ មានការកើនឡើងខ្ពស់ជាប់ៗគ្នាសម្រាប់០៣ ត្រីមាសកន្លងទៅ ជាមួយថវិកាដល់ទៅ ១៣៤លានដុល្លារក៏ដោយ។ ទន្ទឹមនឹងនេះ Facebook ដែលជាបណ្តាញសង្គមយក្សមួយដែរនោះ ក៏បានជួបប្រទះការធ្លាក់ចុះភាគហ៊ុន ១៩ភាគរយ ដែលស្មើនឹងការខាតបង់ក្នុងតម្លៃទីផ្សារជាង ១០០ពាន់លានដុល្លារផងដែរ៕