(អាមេរិក)៖ វែបសាយ YouTube របស់ក្រុមហ៊ុនដ៏ធំ Alphabet Inc កំពុងរៀបចំបង្កើតកម្មវិធីបែប Original ថ្មីសម្រាប់ទីផ្សារអន្តរជាតិដូចជា បារាំង អាល្លឺម៉ង់ ជប៉ុន ម៉ិចស៊ីកូ និងឥណ្ឌា ដើម្បីទាក់ទាញអតិថិជនថ្មីបន្ថែម ឲ្យមកប្រើប្រាស់សេវាបង់ថ្លៃរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
កម្មវិធីខាងលើនឹងលេចចេញជារូបរាងឡើង ក្នុងទម្រង់ជាប្រភេទផ្សេងៗជាច្រើន រួមមានដូចជា វីដេអូឯកសារស្តីពីវិស័យតន្រ្តី, កម្មវិធីស្តែងជីវិតរស់នៅជាក់ស្តែង និង កម្មវិធីជជែកកម្សាន្តយ៉ាងសម្បូរបែប នេះបើតាមសម្តីលោកស្រី ស៊ូសាណេ ដានីញែល (Susanne Daniels) ប្រធាននៃក្រុមបង្កើតកម្មវីធីបែប Original នៅទូទាំងពិភពលោករបស់ YouTube។ កម្មវិធីទាំងអស់នេះ នឹងត្រូវផលិតឡើងជាភាសាក្នុងស្រុក ហើយមានអក្សរបកប្រែ ឬបញ្ចូលសំឡេងសម្រាប់ទីផ្សារដទៃទៀត។
កម្មវីធីមួយចំនួនខាងលើ នឹងមានវត្តមានតែនៅលើ YouTube Premium ប៉ុណ្ណោះ ដែលជាសេវាបង់ថ្លៃរបស់ YouTube និងធ្លាប់មានឈ្មោះថា YouTube Red។ ចំណែកកម្មវីធីដទៃទៀត នឹងដាក់ចេញនៅលើសេវាឥតគិតថ្លៃរបស់ YouTube ដោយភ្ជាប់ជាមួយនូវការផ្សាយពាណិជ្ជកម្ម។
គួរជម្រាបថា តាមរយៈគម្រោងខាងលើ វែបសាយវីដេអូដ៏ធំលើលោកនេះ នឹងធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗទៀត រួមមាន Netflix Inc និង Amazon.com Inc ជាដើម ដែលកំពុងផ្តោតការវិនិយោគទៅលើកម្មវីធីប្រើប្រាស់ភាសាក្នុងស្រុក សម្រាប់ទស្សនិជននៅជុំវិញពិភពលោក៕