(ប៉េកាំង)៖ កាលពីវេលាយប់រំលងអធ្រាតឈានចូលថ្ងៃសៅរ៍នេះ បាតុភូតច័ន្ទគ្រាសជាប្រវត្តិសាស្រ្ត ដែលមានរយៈពេលយូរជាងគេបង្អស់ប្រចាំសតវត្សរ៍ទី ២១ នេះ បានលេចឡើងនៅលើផ្ទៃមេឃពេលរាត្រី នៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាមេរិកខាងត្បូង អាហ្រ្វិក អឺរ៉ុប អាស៊ី និងអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
បាតុភូតរាហ៊ូចាប់ច័ន្ទខាងលើនេះ បានចាប់ផ្តើមនាយប់រំលងអធ្រាតឈានចូលថ្ងៃសៅរ៍ ទី២៨ ខែកក្កដានេះចាប់ពីម៉ោង ០១៖៣០នាទីរំលងអធ្រាត ហើយវាមានរយៈពេលជិតពីរម៉ោងពោលគឺ ០១ម៉ោង និង ៤៣នាទីរំលងអធ្រាត។ និយាយរួមទៅលោកខែ ត្រូវបានលេបបាត់ពីផ្ទៃមេឃទាំងស្រុងពីម៉ោង ០២៖៣០នាទី ដល់ម៉ោង ០៤៖១៣នាទី រំលងអធ្រាតថ្ងៃដដែល (ម៉ោងនៅទីក្រុងភ្នំពេញ)។
រយៈពេលខាងលើនេះ ខ្លីជាងព្រឹត្តិការណ៍ច័ន្ទគ្រាសងងឹតបាត់ទាំងស្រុង ដែលអាចបន្តប្រព្រឹត្តទៅយូរបំផុតត្រឹមតែ ០៤នាទីប៉ុណ្ណោះ ដោយច័ន្ទគ្រាសវែងបំផុតអាចកើតមានសម្រាប់រយៈពេល ០១ម៉ោង និង ៤៧នាទី។ ពេលចុងក្រោយបំផុត ដែលព្រឹត្តិការណ៍ច័ន្ទគ្រាសទាំងស្រុង បានកើតមានក្នុងរយៈពេលដ៏យូរបែបនេះ គឺតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០០ មកម្ល៉េះជាមួយរយៈពេលសរុប ០១ម៉ោង និង៤៦នាទី។
គួរជម្រាបថា ដូចទៅនឹងបាតុភូត Super Blue Blood Moon ដែលបានកើតឡើងកាលពីខែមករាដើមឆ្នាំនេះដែរ ច័ន្ទគ្រាសនាថ្ងៃនេះបានលេចចេញជាពណ៌ក្រហម នៅពេលវាត្រូវបានកំបាំងដោយស្រមោលផែនដីទាំងស្រុង។ ព្រឹត្តិការណ៍ច័ន្ទគ្រាសពេញលេញដែលគេហៅថា Total Lunar Eclipse នឹងកើតមានម្តងទៀតនៅថ្ងៃទី២១ ខែមករាឆ្នាំក្រោយ ប៉ុន្តែវាពុំអាចមើលឃើញពីតំបន់អាស៊ីឡើយ ហើយច័ន្ទគ្រាសនៅឆ្នាំក្រោយនេះ នឹងមានរយៈពេលត្រឹម ៦២នាទី ប៉ុណ្ណោះ។ សម្រាប់តំបន់អាស៊ីយើង នឹងត្រូវចាំរហូតទាល់តែដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទើបមានឱកាសអាចទទួលបានទស្សនីយភាពបែបនេះម្តងទៀត។
បើសិនជាលោកអ្នកមិនបានទស្សនាកាលពីរំលងអធ្រាតនេះទេ ខាងក្រោមនេះ គឺជាបណ្តុំរូបភាពថ្មីៗ និងល្អប្រសើរអំពីច័ន្ទគ្រាសដែលអាចទស្សនាកម្សាន្តបាន៖