(ឡូសអាន់ជែលឡែស)៖ ភ្នាក់ងារពន្លត់អគ្គីភ័យ ០២នាក់ ទីបំផុតបានបាត់បង់ជីវិត និងផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយស្នាដៃនៃភ្លើងឆេះព្រៃដ៏កាចសាហាវនៅតំបន់ Shasta ក្នុងរដ្ឋកាលីហ្វរញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃដែលរីករាលដាលដ៏អាក្រក់ មានឈ្មោះថា Carr ដែលបានចាប់ផ្តើមឆាបឆេះឡើងកាលពីដើមសប្តាហ៍នេះ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៤៤,០០០ហិកតា ហើយសំណង់អគារយ៉ាងតិច ៦៥ខ្នង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ និង ៥៥ខ្នងបានរងការខូចខាត ខណៈជិត ៥,០០០ខ្នងទៀត កំពុងស្ថិតក្រោមការគំរាមកំហែងដោយភ្លើងឆេះព្រៃនេះនៅឡើយ។ ចំណែកប្រតិបត្តិការ ដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅនេះវិញ គឺកំពុងមានការចូលរួមពីភ្នាក់ងារពន្លត់អគ្គីភ័យជាង ១,៧០០នាក់ រួមជាមួយរថយន្តពន្លត់អគ្គីភ័យរាប់រយគ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង។
គួរជម្រាបថា ខាងលើនេះគ្រាន់តែភ្លើងឆេះព្រៃមួយតំបន់ប៉ុណ្ណោះ នៅក្នុងរដ្ឋកាលីហ្វរញ៉ា ដោយនៅតំបន់មួយផ្សេងទៀត គឺតំបន់ Riverside ក៏កំពុងប្រឈមនឹងមហន្តរាយភ្លើងឆេះព្រៃ Cranston ផងដែរ ដែលបានឆាបឆេះផ្ទៃដីរាប់ពាន់ហិកតា និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីលំនៅឋាន។ ជាមួយគ្នានេះដែរ តំបន់ទាំងពីរត្រូវបានអភិបាលរដ្ឋកាលីហ្វរញ៉ា ដាក់ឲ្យស្ថិតក្រោមគ្រាអាសន្នថែមទៀតផង៕