(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានចេញមុខអំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិក បោះបង់ចោលគម្រោង «ពង្រឹងវិស័យការពារជាតិនៅលើទីអវកាស» ដោយយោងលើហេតុផលថា វាអាចបំផ្លិចបំផ្លាញស្ថិរភាពយុទ្ធសាស្រ្តនៃពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ការទទូចខាងលើរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ត្រូវបានធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិក ទើបតែបានអនុម័តច្បាប់ស្តីពីវិស័យការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០១៩ ដែលជំរុញការអភិវឌ្ឍ និងដាក់ពង្រាយឧបករណ៍សែនស័រយោធា (Sensor) នៅទីអវកាសនាឆ្នាំ២០២២ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព នៃសមត្ថភាពការពារមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោន។ ជុំវិញរឿងនេះរុស្ស៊ីបានប្រកាសជំហរប្រឆាំងដាច់ខាតចំពោះគម្រោងបែបនេះ ហើយផ្តល់អាទិភាពតែទៅលើបេសកកម្មរុករកនៅទីអវកាស ក្រោមគោលដៅសន្តិភាពតែមួយមុខគត់។
គួរជម្រាបថា នាពេលកន្លងទៅនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញពីគោលជំហរយ៉ាងរឹងមាំ ក្នុងការបង្កើតកងអង្គភាពយោធាអវកាសមួយដាច់ដោយឡែក ពីកងអង្គភាពដ៏ទៃទៀតរបស់អាមេរិកផងដែរ។ បច្ចុប្បន្នការគ្រប់គ្រងទីអវកាស គឺស្ថិតនៅក្នុងដៃរបស់កងទ័ពអាកាសអាមេរិក ប៉ុន្តែអ្វីដែលអាមេរិកចង់បាននោះ គឺការបង្កើតវាដាច់ដោយឡែកតែម្តង ដើម្បីឲ្យមានការធ្វើទំនើបកម្មកាន់តែខ្លាំងក្លា៕