បែកធ្លាយព័ត៌មានថា «អាមេរិកនឹងកម្ទេចមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហាខាងមុខ» ប៉ុន្តែមន្ត្រីអូស្ត្រាលីចេញមុខទាត់ចោល!
27-07-2018 18:12
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន ABC ដោយផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី បានរាយការណ៍ថា សហរដ្ឋអាមេរិកទំនងជាអាចនឹងបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅខែសីហាខាងមុខនេះ។ ប៉ុន្តែសេចក្ដីរាយការណ៍នេះត្រូវបានច្រានចោល ដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម ABC ប្រព័ន្ធការពារអូស្ត្រាលី រួមទាំងទីភ្នាក់ស៊ើបការណ៍សំងាត់អង់គ្លេស ក៏អាចនឹងចូលរួមក្នុងការជួយកំណត់គោលដៅ វាយប្រហារនៅលើទឹកដីអ៊ីរ៉ង់ផងដែរ។ តែយ៉ាងណាក៏ដោយ នៅថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានចេញមុខអះអាងថាគ្មានហេតុផលណាមួយ ឱ្យលោកជឿថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់នោះទេ។
«នៅថ្ងៃនេះខ្ញុំបានឃើញសេចក្ដីរាយការណ៍មួយ នៅលើកញ្ចក់ទូរទស្សន៍ ABC ដែលបញ្ជាក់ថា ទទួលបានពីមន្ត្រីកំពូលអូស្រ្តាលី... ប៉ុន្តែវាគ្រាន់តែជាចរចាមអារ៉ាម និងជាការទទួលបានប្រភពមិនបញ្ចេញឈ្មោះតែប៉ុណ្ណោះ»។ នេះគូសបញ្ជាក់របស់លោក Malcolm Turnbull។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កុំឱ្យគំរាមសហរដ្ឋអាមេរិកតទៅទៀត បើចង់សុខខ្លួន ហើយការព្រមាននេះទៀតសោត កើតមានឡើងក្រោយប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី ព្រមានថាសង្រ្គាមជាមួយអ៊ីរ៉ង់គឺជាមេនៃសង្រ្គាមទាំងអស់ ដូច្នេះទីក្រុងវ៉ាស៊ីនតោន មិនគួរលេងជាមួយកន្ទុយតោនោះទេ៕