(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការអរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមកូរ៉េ មកឱ្យទីក្រុងវ៉ាស៊ីនតោនវិញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់ក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) គឺជាផែ្នកមួយនៃកិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ។
ដោយឡែកជុំវិញការវិវត្តស្ថានភាពដ៏ល្អ នៃទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននេះដែរលោក ដូណាល់ ត្រាំ បានលើកឡើងនៅលើ Twitter ដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំមកនេះ ពេលនេះវាគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់គ្រួសារសាច់ញាតិកងទ័ពអាមេរិក ហើយខ្ញុំពិតជាអរគុណដល់លោក គីម ជុងអ៊ុន»។
គួរជម្រាបថា ក្រោយពេលមកដល់មូលដ្ឋានទ័ពកូរ៉េខាងត្បូង Osan នៅថ្ងៃសុក្រនេះ អដ្ឋិធាតុកងទ័ពអាមេរិក នឹងត្រូវគេវិភាគ DNA មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក នៅខែសីហា។ ម្យ៉ាងវិញទៀត បើទោះជាមិនទាន់មាន ការបញ្ជាក់ពីចំនួនអដ្ឋិធាតុកងទ័ពអាមេរិកក៏ដោយ តែទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ធ្លាប់បានរាយការណ៍ថា កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ៥៥នាក់ ឱ្យសហរដ្ឋអាមេរិកវិញ ហើយមិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ក៏បានឯកភាពគ្នាផងដែរថា នឹងដំណើរការឡើងវិញនូវប្រតិបត្តិការ តាមស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកប្រមាណ ៥,៣០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េ៕