(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាមណ្ឌលបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ បានដឹកនាំសមាជិកសមាជិកា យុវជនរាប់ពាន់នាក់ ដង្ហែរក្បួនថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិកសមាជិកាគណបក្ស និងជនរួមជាតិទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ផ្តល់ជំនឿ ផ្តល់ការគាំទ្រ មានឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម្ត ដែលជាប្រភពកម្លាំងធ្វើឱ្យគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍកសាងជាតិបានរីកចម្រើនតាំងពីគំនរផេះផង់ រហូតមានអ្វីគ្រប់យ៉ាងដូចបច្ចុប្បន្ន ជាមួយនឹងការដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា សម្បត្តិធម្មជាតិ និងកេរ្ត៍ដំណែលដូនតារត្រូវបានជួសជុលកែលម្អឡើងវិញឲ្យនៅគង់វង្សដើម្បីទុកជាកេរ្ត៍សម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅ។
ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវអោយសមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាបាចផ្កា លំដាប់លេខរៀងទី២០នៅក្នុងសន្លឹកឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខ បន្តសន្តិភាព និងការអភិវឌ្ឍរុងរឿង «គណបក្សប្រជាជនឈ្នះ ប្រជាជនកម្ពុជាជាអ្នកឈ្នះ»៕