(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គ្វី ធានកៃ (Cui Tiankai) បានលើកឡើងថា ចិន និងអាមេរិកកំពុងស្ថិតនៅលើទូកតែមួយដូចគ្នាដដែលទេ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ដោយនិយាយថា ប្រជាជាតិកំពូលៗទាំងពីរកំពុងប្រឈមមុខជាមួយរលក និងខ្យល់បោកបក់ធំៗ លោក Cui Tiankai បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ពួកយើងកំពុងជិះនៅលើទូកជាមួយគ្នាដដែលទេ។ ពួកយើងកំពុងរស់នៅក្នុងភូមិពិភពលោកដ៏តូចមួយ គឺផែនដីនេះឯង លុះត្រាតែនៅថ្ងៃណាមួយ យើងអាចរកឃើញមធ្យោបាយ ដើម្បីបញ្ជូនមនុស្សឡើងទៅកាន់ភពអង្គារ»។
លោក Cui បានបន្តថា «បញ្ហាប្រឈមរួមគ្នានោះ គឺការខិតខំដឹកនាំទូកនេះឆ្លងកាត់ភាពមិនប្រាកដប្រជា ឬផ្លូវទឹកដាច់ស្រយ៉ាល់ដើម្បីអត្ថប្រយោជន៍នៃប្រទេសយើងទាំងពីរ និងសម្រាប់ពិភពលោកទាំងមូល»។
ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតចិនបានបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សាដូចសព្វថ្ងៃនេះ នឹងអាចជួយឲ្យរដ្ឋាភិបាលទាំងពីរ អភិវឌ្ឍន៍គោលនយោបាយ ដែលមានភាពជាក់ស្តែង ប្រកបដោយភាពស្ថាបនា និងមានអត្ថប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
គួរជម្រាបថា ការអត្ថាធិប្បាយខាងលើរបស់លោក Cui ត្រូវបានធ្វើឡើងនៅក្នុងវេទិកាសន្ទនាស៊ីវិលអាមេរិក-ចិនលើកទី០៨ រៀបចំឡើងដោយអង្គការវិភាគនយោបាយអាមេរិក Carnegie Endowment for Internation Peace ចំពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងបង្កសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលអ្នកវិភាគមើលឃើញថា ជាទង្វើគ្រោះថ្នាក់បំផុតសម្រាប់សកលលោកទាំងមូល៕