(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានបញ្ជូនយន្ដហោះចម្បាំងភ្លាមៗឱ្យទៅហោះស្ទាក់ និងព្រមានយន្ដហោះចម្បាំងចិនមួយគ្រឿង ដែលបានហោះចូលក្នុងដែនអាកាសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមយោធាកូរ៉េខាងត្បូង យន្ដហោះចម្បាំងចិនមិនទាន់ស្គាល់ម៉ាកមួយគ្រឿង បានចំណាយពេលច្រើនជាង ៤ម៉ោង ហោះហើរពីលើដែនអាកាសកូរ៉េ ADIZ បន្ទាប់ពីបានហោះហើរនៅក្បែរតំបន់ថ្មប៉ប្រះទឹកមួយកន្លែង នៅក្នុងតំបន់គ្រប់គ្រងដោយ កូរ៉េខាងត្បូង ប៉ុន្តែចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ យោធាកូរ៉េខាងត្បូង ក៏បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរ ថាខ្លួនបានបញ្ជូនយន្ដហោះចម្បាំងឱ្យទៅហោះស្ទាក់ និងព្រមានឱ្យយន្ដហោះចម្បាំងចិននេះ ចាកចេញពីដែនអាកាសកូរ៉េខាងត្បូង។
ជុំវិញស្ថានការណ៍រសើបខាងលើនេះ ចិនមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។ តំបន់ ADIZ មិនត្រូវបានចុះកិច្ចព្រមព្រៀងស្របច្បាប់ អនុឡោមតាមសិទ្ធិសញ្ញាអន្តរជាតិនោះទេ។ ប៉ុន្តែទីក្រុងសេអ៊ូល បានពង្រីកដែនដីរបស់ខ្លួនក្នុងតំបន់នេះកាលពីឆ្នាំ២០១៣ ទៅកាន់ផ្នែកមួយដែលត្រូវបានចិនអះអាងថា ជាកម្មសិទ្ធរបស់ខ្លួនដូចគ្នាដែរ៕