(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានទទួលស្គាល់ថា ឧត្តសេនីយ៍លោក រី យ៉ុងហ្គីល (Ri Yong-gil) ត្រូវបានតែងតាំងជាប្រធានាសេនាធិការយោធា ហើយដែលការតែងតាំងនេះ គឺជាផ្នែកមួយនៃការរុះរើក្បាលម៉ាស៊ីនដឹកនាំទ្រង់ទ្រាយធំមួយ មិនធ្លាប់មាននៅក្នុងជួរកងទ័ពប្រជាជនកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម KCNA លោក Ri Yong-gil បានអមដំណើរលោក គីម ជុងអ៊ុន ទៅកាន់ផ្នូរបញ្ចុះសពទាហានកូរ៉េខាងជើង នាឱកាសប្រារព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខាលើបទឈប់បញ្ចប់សង្រ្គាមកូរ៉េ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាជ័យជម្នះរំដោះ ប្រទេសជាតិពីកណ្ដាប់ដៃចក្រពត្តិអាមេរិក។
គួររំលឹកជូនដែរថា កាលពីខែមិថុនាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា លោក Ri ត្រូវបានតែងតាំងជាប្រធានសេនាធិការយោធាកូរ៉េខាងជើង។ ប៉ុន្តែតាមការពិត លោក Ri ត្រូវបានតែងតាំងឱ្យកាន់ដំណែងនេះកាលពីខែកញ្ញា ឆ្នាំ២០១៣ មកម្ល៉េះ មុននឹងលោកត្រូវបានដកពីតំណែងវិញកាលពីដើមឆ្នាំ២០១៦៕