(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីល្បាញ Amazon របស់អាមេរិក ដែលដឹកនាំដោយកំពូលមហាសេដ្ឋីលេខ ១ លើលោកគឺលោក ចេហ្វ បេសូហ្វ (Jeff Bezos) បានចេញរបាយការណ៍ឲ្យដឹងថា ខ្លួនទទួលបានប្រាក់ចំណេញដល់ទៅជាង ២ពាន់លានដុល្លារ សម្រាប់ត្រីមាសទី ២ នាឆ្នាំនេះ ដែលហួសពីការរំពឹងទុករបស់ទីផ្សារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍មួយស្តីពីលទ្ធផលហិរញ្ញវត្ថុ សម្រាប់ត្រីមាសទីពីរឆ្នាំ២០១៨ ដែលបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែមិថុនា Amazon បានឲ្យដឹងថាប្រាក់ចំណេញរបស់ខ្លួនមានការកើនឡើងដល់ ២.៥ពាន់លានដុល្លារ ធៀបនឹងចំនួន ១៩៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់តម្លៃហ៊ុនក្នុងមួយហ៊ុនវិញ គឺ Amazon មានតម្លៃ ៥.០៧ដុល្លារ លើសពីការប៉ាន់ស្មានរបស់ផ្សារហ៊ុន Wall Street ទ្វេដងទៅទៀត។
គួរជម្រាបថា ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំសម្បើមនេះ មានការគ្រប់ដណ្តប់ស្ទើរតែជិត ៥០ភាគរយ ទៅលើការជាវទំនិញតាមប្រព័ន្ធអ៊ីនធើណែត នៅទូទាំងសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេបំផុត នៅលើពិភពលោកយើងនេះផងដែរ៕