(សិង្ហបុរី)៖ ទីបំផុតបាតុភូតច័ន្ទគ្រាសងងឹតទាំងស្រុង ដែលជាព្រឹត្តិការណ៍កម្រប្រចាំសតវត្សរ៍នេះតែម្តងនោះ នឹងឈានមកដល់ហើយ នាយប់រំលងអធ្រាតឈានចូលថ្ងៃស្អែកនេះ ដូច្នេះហើយសូមត្រៀមខ្លួនចាំតាមដាន និងគយគន់ទស្សនីយភាពដ៏វិសេសវិសាលនេះទាំងអស់គ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃបាតុភូត Super Blue Blood Moon កាលពីខែមករាដើមឆ្នាំ២០១៨ កន្លងទៅនេះ អ្នកដែលចូលចិត្តវិស័យតារាសាស្រ្តនៅទ្វីបអាស៊ីយើងកំពុងទន្ទឹងរង់ចាំទស្សនា «បាតុភូតច័ន្ទគ្រាស» ងងឹតទាំងស្រុងមួយ ដែលមានរយៈពេលយូរជាងគេបង្អស់ប្រចាំសតវត្សរ៍ទី២១នេះ។
ម៉្យាងវិញទៀត នៅពេលជាមួយគ្នានោះភពអង្គារ (Mars) ក៏នឹងរះចែងចាំងឡើងនៅលើផ្ទៃមេឃកៀកនឹងព្រះច័ន្ទ ដែលងាយស្រួលក្នុងការមើលឃើញដោយភ្នែកទទេថែមទៀតផង (វាក៏អាស្រ័យលើលក្ខខណ្ឌអាកាសធាតុដែរ ដោយត្រូវការមេឃស្រឡះល្អខ្លាំង)។ នាអំឡុងចុងខែកក្កដានេះ ភពអង្គារ កំពុងស្ថិតក្នុងគន្លងគោចរកៀកជាមួយផែនដីបំផុត ដែលជារឿងមិនធ្លាប់កើតមានជាង ១០ឆ្នាំមកហើយ។
បាតុភូតរាហ៊ូចាប់ច័ន្ទខាងលើនេះ នឹងចាប់ផ្តើមនាយប់រំលងអធ្រាតឈានចូលថ្ងៃសៅរ៍ ទី២៨ ខែកក្កដា គឺចាប់ពីម៉ោង ០១៖៣០នាទីរំលងអធ្រាតតទៅ ហើយវានឹងមានរយៈពេលជិតពីរម៉ោងពោលគឺ ០១ម៉ោង និង ៤៣នាទីរំលងអធ្រាត។ និយាយរួមទៅលោកខែនឹងត្រូវលេបបាត់ពីផ្ទៃមេឃទាំងស្រុងពីម៉ោង ០២៖៣០នាទី ដល់ម៉ោង ០៤៖១៣នាទី រំលងអធ្រាតថ្ងៃដដែល (ម៉ោងនៅទីក្រុងភ្នំពេញ)។
រយៈពេលខាងលើនេះ ខ្លីជាងព្រឹត្តិការណ៍ច័ន្ទគ្រាសងងឹតបាត់ទាំងស្រុង ដែលអាចបន្តប្រព្រឹត្តទៅយូរបំផុតត្រឹមតែ ០៤នាទីប៉ុណ្ណោះ ដោយច័ន្ទគ្រាសវែងបំផុតអាចកើតមានសម្រាប់រយៈពេល ០១ម៉ោង និង ៤៧នាទី។ ពេលចុងក្រោយបំផុត ដែលព្រឹត្តិការណ៍ច័ន្ទគ្រាសទាំងស្រុង បានកើតមានក្នុងរយៈពេលដ៏យូរបែបនេះ គឺតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០០ មកម្ល៉េះជាមួយរយៈពេលសរុប ០១ម៉ោង និង៤៦នាទី។
ដូចទៅនឹងបាតុភូត Super Blue Blood Moon ដែរ ព្រះច័ន្ទនៅពេលអធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដានេះ នឹងលេចឡើងដោយមានពណ៌ក្រហមក្នុងអំឡុងពេលនៃបាតុភូតច័ន្ទគ្រាស ប៉ុន្តែវានឹងមានទំហំតូចជាងនាលើកនេះ។ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA បាតុភូតច័ន្ទគ្រាសនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អាចត្រូវមើលឃើញពីតំបន់អាមេរិកខាងត្បូង អឺរ៉ុប អាហ្វ្រិក អូស្រ្តាលី និងអាស៊ី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ច័ន្ទគ្រាសទាំងស្រុងដែលគេហៅថា Total Lunar Eclipse នឹងកើតមានម្តងទៀតនៅថ្ងៃទី២១ ខែមករាឆ្នាំក្រោយ ប៉ុន្តែវាពុំអាចមើលឃើញពីតំបន់អាស៊ីឡើយ ហើយច័ន្ទគ្រាសនៅឆ្នាំក្រោយនេះ នឹងមានរយៈពេលត្រឹម ៦២នាទី ប៉ុណ្ណោះ។ សម្រាប់តំបន់អាស៊ីយើង នឹងត្រូវចាំរហូតទាល់តែដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទើបមានឱកាសអាចទទួលបានទស្សនីយភាពបែបនេះម្តងទៀត៕