(ឡូសអាន់ជែលឡែស)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា​លោក ជែរី ប្រោន (Jerry Brown) បានប្រកាស​ដាក់តំបន់ចំនួនពីរ​​របស់រដ្ឋ ទៅក្នុងគ្រា​អាសន្ន (State of Emergency) នៅភាគខាងត្បូង​កាលីហ្វរញ៉ា ដោយសារតែការរីករាល​ដាលយ៉ាងឆាប់​រហ័ស នៃគ្រោះមហន្តរាយ​ភ្លើង​ឆេះ​ព្រៃ ​​ក្នុងរដ្ឋភាគខាងលិច​របស់សហរដ្ឋអាមេរិកមួ​យនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

តំបន់ដែល​ត្រូវលោក Brown ដាក់ក្រោមគ្រា​អាសន្ន​រួមមាន រីវើសាយដ៍ (Riverside) និង ហ្សាស្តា (Shasta) ​ដោយសារតែឥទ្ធិពល​នៃភ្លើងឆេះព្រៃ ដែលគេដាក់​​ឈ្មោះឲ្យថា ក្រេនស្តុន (Cranston) និងខារ (Carr) ដែលបានដុតបំផ្លាញ​លំនៅឋាន និងសំណង់អគារផ្សេងជា​ច្រើនខ្នង ព្រមទាំងបង្កការ​គំរាមកំហែង​ដល់​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និងបង្ខំឲ្យ​មានការ​ជម្លៀសមនុស្ស​ថែមទៀត។

គួរជម្រាបថា ភ្លើងឆេះព្រៃ Cranston បានកើតឡើងកាលពី​រសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅ​ភាគខាង​លិចអាមេរិក) នៅ​ជួរ​​ភ្នំ​ សាន់ហ្សាស៊ីនតូ (San Jacinto) ក្នុងតំបន់ Riverside ចម្ងាយ​ប្រហែល ១៤៤គីឡូម៉ែត្រ ភាគខាងកើត​ក្រុង​ឡូសអាន់ជែលឡែស (Los Angeles) និង​បាន​ឆាបឆេះផ្ទៃ​ដីទំហំជិត ២,០០០ហិកតា ហើយមកទល់​ពេលនេះ​មានការ​ពន្លត់ទប់​ស្កាត់មិន​ដល់ ១០ភាគរយឡើយ។ ជាមួយគ្នានេះ​ ​ប្រជា​ជនអាមេរិកក្នុងតំបន់​យ៉ាងតិច ៣,០០០នាក់ ត្រូវបាន​ជម្លៀសខ្លួនចេញពីលំនៅឋាន​ប្រមាណជាង ២,០០០ខ្នង។

ចំណែកឯ​ភ្លើង​ឆេះព្រៃ Carr បានឆាបឆេះផ្ទៃដីទំហំជិត ៩,០០០ហិកតា កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​នៅតំបន់​ Shasta ហើយ​ត្រូវ​បានក្រុមភ្នាក់ងារ​ពន្លត់អគ្គីភ័យទប់ស្កាត់​បានត្រឹម ១០ភាគរយប៉ុណ្ណោះ។ បើតាមលោក Brown កម្រិតសីតុណ្ហភាព​ក្តៅខ្លាំង បូករួមជាមួយ​ភាព​ហួតហែង និងខ្យល់បក់ខុស​ប្រក្រតី បានកាន់តែធ្វើឲ្យ​​មហន្តរាយ​ភ្លើងឆេះ​ព្រៃនេះ រីករាតត្បាតឡើង​យ៉ាងខ្លាំង​ថែមទៀត៕