(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានជម្រុញឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ បង់ប្រាក់កតាព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក ខណៈអង្គការពិភពលោកមួយនេះកំពុងប្រឈមមុខនឹងកង្វះថវិកា។ នេះបើតាមអ្នកនាំពាក្យអគ្គលេខាធិការ (UN) ដក ស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) មានតែប្រទេសចំនួន ១១២ប៉ុណ្ណោះ ក្នុងចំណោម ១៩៣ ប្រទេសដែលជាសមាជិក UN បានបង់ប្រាក់កាតព្វកិច្ចរបស់ខ្លួនហើយលោកថា បញ្ហាកង្វះថវិកានេះកំពុងកើតឡើងនៅក្នុងឆ្នាំ២០១៨ នេះតែម្តង។
សហរដ្ឋអាមេរិកដែលជាអ្នកផ្ដល់ថវិកាច្រើនជាងគេរបស់ UN មិនបានបង់ប្រាក់កាតព្វកិច្ចរបស់ខ្លួនទៀតឡើយ ប៉ុន្តែលោក Dujarric បាននិយាយថា UN មិនចង់ចង្អុលម្រាមដៃដាក់ប្រទេសណាមួយនោះទេ ពីព្រោះប្រទេសនីមួយៗមានសារពើពន្ធប្រចាំឆ្នាំផ្សេងៗពីគ្នា។
គួរបញ្ជាក់ថា បើតាមលោក Stephane Dujarric កញ្ចប់ថវិកា UN សម្រាប់២០១៨ និង២០១៩ មានប្រហែល ៥.៤ពាន់លានដុល្លារ។ រីឯសហរដ្ឋអាមេរិក គឺជាប្រទេសចូលរួមវិភាគទានធំជាងគេបំផុត តាមពីក្រោយដោយជប៉ុន ចិន អាល្លឺម៉ង់ បារាំង និងអង់គ្លេស ហើយការចូលរួមចំណែករបស់ប្រទេសទាំង ០៦នេះ ស្មើនឹងថវិកាច្រើនជាងពាក់កណ្ដាលនៃកញ្ចប់ថវិកា UN៕