(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានរាយការណ៍ថា យន្ដហោះដឹកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសម័យសង្រ្គាមកូរ៉េ បានត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាស Osan ប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់ក្នុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) គឺជាផែ្នកមួយនៃកិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ។
ម្យ៉ាងវិញទៀត បើទោះជាមិនបានបញ្ជាក់ពីចំនួនអដ្ឋិធាតុកងទ័ពអាមេរិកក៏ដោយ តែ យ៉ុនហាប់ ធ្លាប់បានរាយការណ៍ថា កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ៥៥នាក់ ឱ្យសហរដ្ឋអាមេរិកវិញនៅថ្ងៃសុក្រនេះ ចំថ្ងៃនៃការប្រារព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខាលើបទឈប់បាញ់ឆ្នាំ១៩៥៣។
គួរជម្រាបថា បើតាមការគ្រោងទុកក្រោយពេលមកដល់មូលដ្ឋានទ័ពកូរ៉េខាងត្បូង Osan អដ្ឋិធាតុកងទ័ពអាមេរិក នឹងត្រូវគេវិភាគ DNA មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក នៅខែសីហា៕