(តេហរ៉ង់)៖ មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក ហ្គេសសឹម សូឡៃម៉ានី (Qassem Soleimani) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើប្រាស់ភាសានិយាយស្ដីដូចជា «អ្នកនៅក្នុងវង់ល្បែងស៊ីសង»។ មិនតែប៉ុណ្ណោះមេបញ្ជាការរូបនេះក៏បានព្រមានដែរថា បើសិនជាសហរដ្ឋអាមេរិកបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងបំផ្លាញគ្រប់យ៉ាងដែលសហរដ្ឋអាមេរិកកំពុងមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Soleimani ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់កងទ័ពអ៊ីរ៉ង់។ ថ្លែងនាឱកាសនោះ មេបញ្ជាការកងទ័ពពិសេអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅក្បែរអ្នក (សហរដ្ឋអាមេរិក) ជាកន្លែងដែលអ្នកមិនអាចនឹងស្មានដល់។ សាកមើលទៅ យើងបានត្រៀមខ្លួនរួចហើយ... បើអ្នកហ៊ានតែផ្ដើមសង្រ្គាមណាមួយ នោះយើងនឹងបញ្ចប់សង្រ្គាមនេះ។ អ្នក ដឹងយ៉ាងច្បាស់ថា សង្រ្គាមនេះនឹងបំផ្លាញអ្វីគ្រប់យ៉ាងដែលអ្នកកំពុងមាន»។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើវិស័យប្រេងអ៊ីរ៉ង់ តាមរយៈការប្រមូលផ្ដុំសម្ព័ន្ធមិត្តរបស់ខ្លួន កុំឱ្យទិញប្រេងពីអ៊ីរ៉ង់៕