(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើប្រទេសតួកគី បើសិនជាទីក្រុងអង់ការ៉ា មិនព្រមដោះលែងលោកឪនៃសាសនាគ្រិស្ដអាមេរិកម្នាក់ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសតួកគីទេនោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើប្រទេសតួកគីសម្រាប់ការឃុំខ្លួន លោកអាចារ្យ អាន់ឌ្រូ ប្រាន់សុន (Andrew Brunson) អស់រយៈពេលជាយូរមកនេះទាំងដែលលោក មិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ។ គាត់គួរតែត្រូវបានដោះលែងជាបន្ទាន់»។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ បានចាត់ទុកថា ការព្រមានរបស់លោក ត្រាំ គឺជារឿងមិនអាចទទួលបាន ក៏ដូចជានឹងបំផ្លាញដល់សម្ព័ន្ធភាពរវាងតួកគី និងអាមេរិកផងដែរ។ «សហរដ្ឋអាមេរិកត្រូវពិចារណាឡើងវិញ ចំពោះសំណើរបស់ខ្លួន និងអនុម័តគោលជំហរមួយប្រកបដោយលក្ខណៈស្ថាបនា មុននឹងសម្រេចចិត្តបំផ្លាញផលប្រយោជន៍ខ្លួនឯង និងសម្ព័ន្ធភាពជាមួយតួកគី»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យលោក អឺដូហ្កាន់ គឺលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin)។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ដូណាល់ ត្រាំ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការតួកគីបង្គាប់ឱ្យឃុំខ្លួនអាចារ្យ Andrew Brunson នៅក្នុងផ្ទះ ក្រោយត្រូវបានឃុំខ្លួនអស់រយៈពេល ២១ខែមកនេះ ពីបទមានជាប់ពាក់ព័ន្ធនឹងសកម្មភាព ភេរវកម្ម៕