(ប៉ារីស)៖ យន្តហោះជើងហោះហើរ CA876 របស់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានប្រកាសអាកាសន្ន និងបានបកមកធ្វើការចុះចត ដោយឥតព្រៀងទុក នៅឯអាកាសយានដ្ឋាន Charles de Gaulle Airport នាទីក្រុងប៉ារីស ប្រទេសបារាំងវិញ បន្ទាប់ពីទទួលបានព័ត៌មានមួយ ស្តីពីសកម្មភាពភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នាយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាកាសចរណ៍ខាងលើផ្ទាល់ យន្តហោះ Air China CA876 ដែលមានគោលដៅ ឆ្ពោះមកកាន់ទីក្រុងប៉េកាំង ប្រទេសចិន បានហោះហើរចេញពីទីក្រុងប៉ារីស ហើយបានវិលត្រឡប់មកកាន់ រដ្ឋធានីរបស់បារាំងវិញ បន្ទាប់ពីទទួលបានការសារគំរាមពីអំពើភេរវកម្ម។
គួរជម្រាបថា យ៉ាងណាមិញ បើតាមការអះអាងពី Air China ជើងហោះហើរនោះ បានចុះចតនៅប៉ារីសវិញដោយសុវត្ថិភាព ហើយអ្នកធ្វើដំណើរទាំងអស់ ពុំបានជួបគ្រោះថ្នាក់អ្វីឡើយ។ ទន្ទឹមនឹងនេះ អាកាសចរណ៍ Air China បានឲ្យដឹងថាខ្លួននឹងរៀបចំជើងហោះហើរថ្មីឲ្យបានឆាប់ៗតាមតែអាចទៅរួច៕