(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ភពក្រហម Mars (ភពអង្គារ) ត្រូវបានអ្នកវិទ្យាសាស្រ្តជឿជាក់ថា ទំនងជាមានលាក់បាំងនូវផ្ទៃបឹងមួយ មានទំហំជិត ២០គីឡូម៉ែត្រ ដែលកំពុងពួនសំងំនៅពីខាងក្រោមផ្ទាំងទឹកកកជម្រៅ ១.៦គីឡូម៉ែត្រ នៅប៉ូលខាងត្បូងរបស់វា៕
២៖ គ្រឿងផ្ទុះកែច្នៃពិតជាត្រូវបានគេបំផ្ទុះ នៅក្បែររបងរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង នៃប្រទេសចិនប្រាកដមែន ប៉ុន្តែក្រៅពីជនបង្កពុំមានជនណាផ្សេងទទួលរងរបួស ឬជួបគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕
៣៖ យន្តហោះប្រភេទចម្បាំង និងទម្លាក់គ្រាប់បែកធុន Sukhoi Su-22 បានធ្លាក់នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាល ប្រទេសវៀតណាមនារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិតអាកាសយានិកទាំងពីរនាក់ នៅលើនោះតែម្តង៕
៤៖ កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់នៅអំឡុងសម័យសង្រ្គាមកូរ៉េ ឱ្យសហរដ្ឋអាមេរិកវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីបានទទួលក្ដាមឈូសចំនួន ១០០ ពីទីក្រុងវ៉ាស៊ីនតោន៕
៥៖ សេវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានហាមមិនឲ្យអ្នកកាសែតម្នាក់របស់ស្ថានីយទូរទស្សន៍ CNN គឺអ្នកនាង ខេតឡាន ខូលលីនស៍ (Kaitlan Collins) ចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន ក្រោយពីអ្នកយកព័ត៌មានរូបនោះ បានជជីកសួរសំណួរឌឺដងដាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ៕
៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហាញការប្តេជ្ញាសហការជាមួយសភាអាមេរិក ដើម្បីរៀបចំសេចក្តីព្រាងទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្រោយពីលោកបានប្រកាសទាត់ចោលការគ្រប់គ្រងលើតំបន់គ្រីមៀរបស់រុស្ស៊ី៕