(ឡាវ)៖ មន្ត្រីម្នាក់មកពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះនឹងទទួលខុសត្រូវ យ៉ាងពេញលេញដោយអនុឡោមតាមច្បាប់ និងកិច្ចព្រមព្រៀងសម្បទាន លើផលប៉ះពាល់បង្កឡើងដោយការបាក់ទំនប់វារីអគ្គីសនី ដែលបានបង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឡាវ លោក ខាំមែនី អ៊ីនធីរ៉ាត់ (Khammany Inthirath) បានអះអាងថា ក្រុមហ៊ុនមិនអាចបដិសេធក្នុងការទទួលខុសត្រូវ លើទឹកជំនន់ដែលបង្កឡើងដោយសារបាក់ទំនប់វារីអគ្គីសនីរបស់ខ្លួនបានឡើយ។ «ពាក់ព័ន្ធនឹងបញ្ហាសំណងខ្ញុំចង់ប្រាប់ថា ផ្អែកលើកិច្ចព្រមព្រៀងសម្បទាន រាល់ឧទ្ទវហេតុមានទាក់ទិននឹងសំណង់ទំនប់វារីអគ្គិសនី គឺជា ទំនួលខុសត្រូវទាំងស្រុងរបស់អ្នកអភិវឌ្ឍន៍គំរាង ១០០ភាគរយ»។ នេះគឺជាការគូសបញ្ជាប់របស់លោក Khammany Inthirath។ ប៉ុន្តែមកទល់នឹងពេលនេះ ខាងក្រុមហ៊ុនមិនទាន់ចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ និងផ្លូវការណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការសាងសង់ទំនប់វារីអគ្គីសនីចំនួន ០២ របស់កូរ៉េខាងត្បូង បានបញ្ជាក់ដែរថា ពួកគេបានរាយការណ៍ពីការខូចខាតមួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារីអគ្គីសនី Xe-Namnoy បានបាក់កាលពីថ្ងៃចន្ទ។ ប៉ុន្តែនៅតែមានបញ្ហាក្នុង ការព្រមាន និងជម្លៀសប្រជាជនទៅកន្លែងមានសុវត្ថភាពមុននឹងទប់នេះបាក់៕