(ឡាវ)៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សាកសពសរុបចំនួន ២៧នាក់ ហើយត្រូវបានរកឃើញ ខណៈ១៣០នាក់ទៀតបន្តបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនីនៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ ដែលជាប់ព្រំដែនភាគឦសានប្រទេសកម្ពុជា និងភាគកណ្តាលវៀតណាម បានបាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time របស់អាមេរិក។
កាលពីថ្ងៃពុធម្សិលមិញនេះ ក្រៅពីការប្រកាសចេញជាផ្លូវការនូវចំនួនសាកសពដែលត្រូវបានរកឃើញនោះ នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានហៅគ្រោះមហន្តរាយនេះថា ជារឿងអាក្រក់បំផុតដែលប្រទេសអាស៊ានមួយនេះមិនធ្លាប់បានជួបប្រទះប៉ុន្មានទសវត្សរ៍មកហើយ។
គួរបញ្ជាក់តាមរបាយការណ៍ពីរដ្ឋាភិបាលឡាវឲ្យដឹងថា បច្ចុប្បន្ននេះប្រជាជនប្រមាណជាង ៧,០០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នក្រោយលំនៅឋានរបស់ពួកគេលិចលង់ ដោយជំនន់ទឹកបាក់ទំនប់។ បន្ថែមពីនេះក្រុមជំនាញក៏កំពុងតែស៊ើបអង្កេតផងដែរ អំពីមូលហេតុដែលធ្វើឲ្យទំនប់វារីអគ្គិសនីសេពាន-សេណាំណយ ដែលមានតម្លៃរាប់លានដុល្លារនេះត្រូវបាក់បែបនេះ៕