(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានផែនការបង្កើនវត្តមានកងទ័ពអាមេរិក ២,៥០០នាក់ ឱ្យឈរជើងនៅក្នុងប្រទេសអូស្រ្ដាលី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជា មហាអំណាចលេខមួយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអូស្ត្រាលី មានការកើនឡើងយ៉ាងឆាប់រហ័ស គិតចាប់តាំងពីកងទ័ពអាមេរិកប្ដូរវេន ២៥០នាក់ដំបូង ត្រូវបានបញ្ជូនមកកាន់អូស្ត្រាលី កាលពីឆ្នាំ២០១២។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានកងទ័ព ១,៥០០នាក់ កំពុងឈរជើងនៅឯមូលដ្ឋានទ័ព Marine Rotational Force-Darwin ក្នុងទីក្រុង ដរវីន (Darwin) ស្ថិតនៅដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ជាមួយបរិក្ខាយោធា និងយន្ដហោះចម្បាំងជាច្រើន។ ក៏ប៉ុន្តែបន្ទាប់ពីជំនួបរវាងមន្ត្រីកំពូលអាមេរិក និងអូស្រ្ដាលីក្នុងសប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានអះអាងថា ខ្លួនមានផែនការបង្កើនវត្តមានកងទ័ពរបស់ខ្លួនរហូតដល់ ២,៥០០នាក់ ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ព ២២,០០០នាក់ នៅលើកោះអូគីណាវ៉ា ប្រទេសជប៉ុន ៧,០០០នាក់ នៅលើកោះហ្កាំ និង ២៨,៥០០នាក់ នៅប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីលើនេះកងទ័ពអាមេរិក ក៏នឹងបញ្ចូលអូស្រ្ដាលី ឱ្យចូលរួមក្នុងការធ្វើសមយុទ្ធយោធាមួយក្នុងពេលឆាប់ៗនេះ ដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសហ្វីជី (Fiji), សាម៉ូវ សូឡូម៉ុន (Samoa Solomon), ប៉ាពួញូហ្គីណេ (Papua New Guinea), តុងហ្គា (Tonga) និង វ៉ានួទូ (Vanuatu)៕