(អាហ្រិ្វកខាងត្បូង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ភាគីជម្លោះទាំងអស់នៅក្នុងសង្រ្គាមពាណិជ្ជកម្ម នឹងត្រូវទទួលភាពបរាជ័យទាំងអស់គ្នា។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំ BRICS នៅឯប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ BRICS ក្នុងទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូងលោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា «សង្រ្គាមពាណិជ្ជកម្មគួរតែត្រូវបានបដិសេធ ព្រោះថា គ្មាននរណាម្នាក់នឹងឈ្នះនៅក្នុងសង្រ្គាមនេះទេ... សកម្មភាពជាឯកតោភាគី និងគាំពារនិយមកំពុងកើនឡើង ហើយវានឹងបំផ្លាញដល់របបពាណិជ្ជកម្មពុហភាគី»។
បន្ថែមពីលើនេះ ដោយមិនបានបញ្ជាក់ចំឈ្មោះសហរដ្ឋអាមេរិក ប្រធានាធិបតីចិនរូបនេះថែមទាំងបានអះអាងទៀតថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹង ជម្រើសពីរនោះគឺកិច្ចសហប្រតិបត្តិការ និងការប្រឈមមុខដាក់គ្នា។
គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ BRICS ដែលមានប្រទេសចំនួនប្រាំចូលរួមដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានចាប់ផ្ដើមឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា នៅក្នុងទីក្រុងចូហាស់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង៕