(ចិន)៖ វិស័យផ្តល់ប្រាក់កម្ចី ដែលមិនពាក់ព័ន្ធនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ឬ P2P នៅប្រទេសចិន បានប្រឈមនឹងបញ្ហាជាច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ហើយចាប់តាំងពីខែមិថុនាមក វិស័យនេះ មានគេរាយការណ៍ អំពីករណីបោកប្រាស់ជាង១០ករណីទៅហើយ។ ក្នុងស្ថានភាពដូច្នេះ គេរំពឹងថា វិស័យនេះប្រឈមនឹងការត្រួតពិនិត្យ កាន់តែតឹងតែងពីនិយ័តករ។
បញ្ហាដែលវិស័យនេះ ជួបប្រទះរួមមានដូចជាអ្នកខ្ចីប្រាក់លួចរត់ ដោយយកលុយទៅជាមួយ ក្រុមហ៊ុនខ្លះត្រូវគេចោទថា បោកប្រាស់ ឬបិទដំណើរការភ្លាមៗ ឬប្រកាសគ្មានលទ្ធភាពសងភ្លាមៗតែម្តង។
ក្រុមហ៊ុន យីងឆានហ្គ្រុប (Yingcan Group) ជាក្រុមហ៊ុនស្រាវជ្រាវលើវិស័យខ្ចីប្រាក់ប្រភេទនេះ។ ទិន្នន័យរបស់ក្រុមហ៊ុននេះ បង្ហាញថា គ្រាន់តែនៅក្នុងខែកក្កដានេះ មានក្រុមហ៊ុនដែលផ្តល់សេវាខ្ចីប្រាក់បែបនេះចំនួន៦៣ក្រុមហ៊ុនទៅហើយ ដែលបានរាយការណ៍ថាមានបញ្ហាថ្មីៗ។
ក្នុងនោះ មាន៥៨ក្រុមហ៊ុន បានប្រការថាគ្មានលទ្ធភាពសងប្រាក់ឱ្យទៅម្ចាស់លុយវិញទេ។ ឯ៥ក្រុមហ៊ុនទៀត បានសារភាពថា មានគេលួចយកលុយទាំងអស់ ហើយរត់បាត់ទៅហើយ។
វិនិយោគិនម្នាក់បាននិយាយថា គាត់វិនិយោគតែជាមួយក្រុមហ៊ុនធំៗប៉ុណ្ណោះ ដើម្បីកាត់បន្ថយគ្រោះថា្នក់។
អ្នកវិនិយោគផ្ទាល់ខ្លួនម្នាក់និយាយថា «ខ្ញុំបានបណ្តាក់ទុនតាមក្រុមហ៊ុន P2P។ ប៉ុន្តែខ្ញុំជ្រើសរើសតែក្រុមហ៊ុនធំៗតែប៉ុណ្ណោះ ឬក៏ក្រុមហ៊ុនទាំងឡាយណា ដែលមានក្រុមហ៊ុនរដ្ឋ ចូលរួមវិនិយោគដែរ»។
ដើម្បីកាត់បន្ថយភាព ស្មុគស្មាញនាពេលអនាគត និយ័តករហិរញ្ញវត្ថុអ៊ីនធើណេត មកពីសៀងហៃ ជឺជាំង និងខេត្តអានហ៊ុយ បានជួបជុំគ្នាកាលពីថ្ងៃចន្ទ័ ដើម្បីពិភាក្សាពីវិធីរឹតបន្តឹង ការត្រួតពិនិត្យក្នុងវិស័យនេះ។
លោក ជាំង ឈីងជន នាយកប្រតិបត្តិ ក្រុមហ៊ុន Suanhua Credit បាននិយាយថា «មានក្រុមហ៊ុនពីរប្រភេទ។ ក្រុមហ៊ុនខ្លះប្រមូលលុយពីអ្នកវិនិយោគ ហើយឱ្យលុយនោះទៅក្រុមហ៊ុនផ្សេងៗខ្ចី ជាជាងឱ្យបុគ្គលធម្មតាខ្ចី។ ដូច្នេះនៅពេលដែលលំហូរប្រាក់ក្នុងទីផ្សារ កាន់តែពិបាក ក្រុមហ៊ុនដែលខ្ចីប្រាក់ទាំងនេះ ចាប់ផ្តើមជួបបញ្ហាពិបាកសងលុយ ទៅម្ចាស់ដើមវិញ។ ហើយវានាំឲ្យក្រុមហ៊ុនដែលផ្តល់កម្ចី មានបញ្ហាបង្វិលប្រាក់ឱ្យទៅវិនិយោគិនវិញ។ ប្រភេទបណ្តាញមួយទៀតនោះ គឺប្រមូលលុយដែរ ប៉ុន្តែមិនផ្តល់ប្រាក់កម្ចីទៅកាន់ នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ពួកគេកេញបន្លំលុយនោះ ហើយវិនិយោគវាទៅលើអាជីវកម្មផ្សេងទៀត ដើម្បីបង្កើនចំណូលរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលលំហូរសាច់ប្រាក់ក្នុងទីផ្សារលែងសូវមាន ការវិនិយោគទី២របស់ពួកគេ បានចាប់ផ្តើមខាតលុយ។ ដូច្នេះក្រុមហ៊ុនរៃអង្គាសប្រាក់របស់គេ ក៏ត្រូវប្រកាសគ្មានលទ្ធភាពសងប្រាក់ឱ្យវិនិយោគិនវិញ»។
អ្នកវិភាគបានព្រមានថា អ្នកវិនិយោគគួរតែមើលព័ត៌មានលម្អិត អំពីផលិតផលដែលពួកគេបណ្តាក់ទុន។ គេរំពឹងថា បណ្តាញកម្ចីដែលនៅសល់ នឹងប្រឈមនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងពីរដ្ឋាភិបាល។
លោក ចូវ ឃុនភីង អ្នកវិភាគជាន់ខ្ពស់របស់ធនាគារទំនាក់ទំនង បាននិយាយថា «អ្នកវិនិយោគគួរតែរក្សាភាពស្ងប់ស្ងាត់អំពីទីផ្សារសិន។ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដូចជា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឈ្មួញកណ្តាលនៅតាមផ្សារហ៊ុន និងមូលនិធិវិនិយោគពហុភាគី ហានិភ័យទាំងនេះ គឺស្ថិតក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន បន្ទាប់ពីមានការរឹតបន្តឹងជាច្រើនឆ្នាំកន្លងមកនេះ»។
គណៈកម្មការគ្រប់គ្រងវិស័យធានារ៉ាប់រង និងធនាគារ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចាប់ផ្តើមលុបក្រុមហ៊ុន ដែលផ្តល់សេវាប្រាក់កម្ចីជាលក្ខណៈ P2P ទាំងឡាយណាដែលមិនគោរពតាមស្តង់ដារចេញពីបញ្ជី។
បច្ចុប្បន្ន មានបណ្តាញ P2P ជាង ១៨០០ស្ថាប័ន កំពុងដំណើរការក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ដែលបានចុះបញ្ជីប្រហែល ៥០លាននាក់ និងមានប្រាក់កម្ចី ១៩១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលដាក់ឱ្យខ្ចី៕ (សារព័ត៌មាន CCTV របស់ចិន)