(ប្រេស៊ីល)៖ កាលពីដើមឆ្នាំនេះ ចិនបានទិញយកកំពង់ផែកុងតឺន័រមួយរបស់ប្រេស៊ីល ដែលស្ថិតក្នុងចំណោមកំពង់ផែ ដែលរកប្រាក់ចំណេញបានច្រើនបំផុត នៅប្រេស៊ីល។ វាគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្តាប្រទេសប្រ៊ីកស៍ (BRICS) ពោលគឺប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

កំពង់ផែកុងតឺន័រ ប៉ារ៉ាណាហ្គ័រ ឬ TCP ក្នុងទីក្រុង ប៉ារ៉ាណាហ្គ័រ (Paranagua) មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋប៉ារ៉ាណា (Parana)។ វាជាស្ថានីយកុងតឺន័រធំបំផុតទី២ របស់ប្រេស៊ីល ។

តំបន់នេះ រកប្រាក់ចំនូលបានប្រហែលជិតពាក់កណ្តាល នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រេស៊ីលទៅហើយ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រុមហ៊ុនឈ្មួញរបស់រដ្ឋចិន ឈ្មោះថា China Merchants Group បានទិញភាគហ៊ុន៩០ភាគរយ នៃសម្បទានរយៈពេល ៣០ឆ្នាំរបស់កំពង់នេះ ក្នុងតម្លៃ៩២៥លានដុល្លារអាមេរិក។ នេះគឺជាការទិញកំពង់ផែ ដែលចំណាយប្រាក់ច្រើនបំផុត នៅអាមេរិកឡាទីន។

លោក អាឡិចសាន់ត្រា រ៉ូប៊ីអូ ប្រធានផ្នែកហិរញ្ញវត្ថុ នៃកំពង់ផែប៉ារ៉ាណាហ្គ័រ បានថ្លែងថា «កំពង់ផែរបស់យើងសព្វថ្ងៃ អាចផ្ទុកកុងតឺន័របាន ១លាន៥សែនទូក្នុងមួយឆ្នាំ។ ដូច្នេះបន្ទាប់ពីមានការបណ្តាក់ទុននេះទៅ យើងនឹងអាចផ្ទុកបាន ២លាន៥សែនកុងតឺទ័រក្នុងមួយឆ្នាំ។ វាធ្វើឱ្យកំពង់ផែប៉ារ៉ាណាហ្គ័រ ក្លាយជាកំពង់ផែធំបំផុតមួយប្រចាំប្រទេសប្រេស៊ីល និងតំបន់អាមេរិកឡាទីន។»

បើតាមលោករ៉ូប៊ីអូ កំពង់ផែនេះ មានហេតុផលល្អៗជាច្រើន ដែលគួរមានភាគីចិនចូលភាគហ៊ុន។

លោក អាឡិចសាន់ត្រា រ៉ូប៊ីអូ បានថ្លែងទៀតថា «២៥ភាគរយនៃទំនិញដែលដឹកតាមកុងតឺន័រ គឺសុទ្ធតែសម្រាប់ដឹកទៅ និងមកពីប្រទេសចិន។ យើងគិតថា យើងអាចរីកចម្រើនកាន់តែលឿននៅថ្ងៃអនាគត ដោយសារតែទំនិញចិនទាំងអស់នេះ ដែលយើងមានក្នុងតំបន់យើងស្រាប់»។

ការរីកចម្រើនបន្ថែមនេះ រួមបញ្ចូលទាំងការពង្រីកផែ និងទិញម៉ាស៊ីនស្ទូចថ្មីចំនួនពីរបន្ថែមទៀត អមជាមួយនឹងការអភិវឌ្ឈន៍ផ្សេងៗទៀតផងដែរនាឆ្នាំនេះ។ វាផ្តល់ឲ្យកំពង់ផែ អាចទទួលកប៉ាល់ធំបំផុតមួយចំនួន ឱ្យចូលដឹកទំនិញបាន។

បច្ចុប្បន្នក្រុមហ៊ុនចិនជាច្រើន និយមបណ្តាក់ទុននៅប្រេស៊ីល ជាការទិញភាគហ៊ុនកំពង់ផែសំខាន់ៗនៅទីនេះ។

ចិនបានមានវត្តមានក្នុងទីក្រុងប៉ារ៉ាណាហ្គ័រ តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនសាងសង់ បណ្តាញទំនាក់ទំនងចិន (China Communication Consrtruction Company) បានឈ្នះកិច្ចសន្យាបូមខ្សាច់ សម្រាប់ការរៀបចំខ្សែកាប និងអាងទឹករបស់កំពង់ផែ។

លោក លី យីជូន អនុប្រធានគម្រោងបូមខ្សាច់ នៃក្រុមហ៊ុនសាងសង់បណ្តាញទំនាក់ទំនងចិន «ចិននិងប្រេស៊ីល ធ្វើជំនួញច្រើនណាស់ជាមួយគ្នា។ ខ្ញុំគិតថាការងាររបស់យើង អាចបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញទៅកាន់តំបន់អាស៊ី និងការធ្វើអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)