(វ៉ាស៊ីនតោន)៖ កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន Facebook បានធ្លាក់ចុះខុសពីការរំពឹងទុកនៅក្នុងទីផ្សារភាគហ៊ុនអាមេរិក Wall Street នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) មកនៅត្រឹម ១៣.២៣ពាន់លានដុល្លារ សម្រាប់ត្រីមាសទី ២ ក្នុងឆ្នាំ២០១៨នេះ ដែលពីមុខត្រូវបានគេរំពឹងថា នឹងមានកំណើន ១៣.៣៦ពាន់លានដុល្លារ បើទោះជាប្រាក់ចំណូលកើនដល់ ៤២ភាគរយ ធៀបទៅនឹងរយៈពេលដូចគា្នកាលពីឆ្នាំ២០១៧ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Facebook រកបានប្រាក់ចំណូល ១៣.០៤ពាន់លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ឬកើនឡើង ៤២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមាន រកបានប្រាក់ចំណូលត្រឹមតែ ៩.១៦ពាន់លានដុល្លារប៉ុណ្ណោះ។
លើសពីនេះទៅទៀតរបាយការណ៍ដដែលក៏បានឱ្យដឹងដែរថា ការផ្សព្វផ្សាយពាណិជ្ជកម្មលើទូរស័ព្ទ គឺបាននាំមុខគេក្នុងការរកប្រាក់ចំណូលជាង ៩១ភាគរយ នៃផលចំណេញបានមកពីការផ្សាយពាណិជ្ជកម្មរបស់ Facebook ហើយក៏ស្ថិតនៅក្នុងកាលៈទេសៈនៃការរឹតបន្តឹងខ្លាំងផងដែរ ទៅលើបែបបទនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។
គួរបញ្ជាក់ថា បើតាម Facebook ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួនគឺមាន ១.៤៧ពាន់លាននាក់ ក្នុងឆ្នាំ២០១៨នេះ ឬកើនឡើង ១១ភាគរយ ប៉ុន្តែវានៅតិចជាងការរំពឹងដែលថា អាចនឹងកើនដល់ ១.៤៩ពាន់លាននាក់៕