(ហាណូយ)៖ យន្តហោះប្រភេទចម្បាំង និងទម្លាក់គ្រាប់បែកធុន Sukhoi Su-22 បានធ្លាក់នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាលប្រទេសវៀតណាមនារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិតអាកាសយានិកទាំងពីរនាក់ នៅលើនោះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨។
កងទ័ពអាកាស និងការពារដែនអាកាសវៀតណាមបានឲ្យដឹងថា យន្តហោះចម្បាំង-ទម្លាក់គ្រាប់បែក Su-22 ដែលមានពីឡុតពីរនាក់នៅលើនោះ បានជួបគ្រោះថ្នាក់នៅពេលកំពុងធ្វើការហោះហើរហ្វឹកហ្វឺនប្រចាំថ្ងៃ នៅលើភ្នំមួយ ក្នុងស្រុក ងាយេន (Nghia) Yen នៃខេត្តខាងលើ ហើយជាលទ្ធផលអាកាសយានិកទាំងពីរបានបាត់បង់ជីវិត។
គួរជម្រាបថា យន្តហោះខាងលើដែលមានប្រភេទយន្តហោះពីសម័យសូវៀត មានជំនាញខាងប្រយុទ្ធ និងទម្លាក់គ្រាប់បែកនោះ បានជួបគ្រោះថ្នាក់ ក្រោយពេលចាកចេញពីព្រលានយន្តហោះ សៅវ៉ាង (Sao Vang) ក្នុងខេត្តនៅក្បែរខាងគ្នា ថាញ់ហាវ (Thanh Hoa) ហើយវាធ្លាក់បែកខ្ញែកទៅជាបំណែកៗក្រោយពីធ្លាក់ និងផ្ទុះឆេះយ៉ាងកក្រើក៕