(ប៉េកាំង)៖ គ្រឿងផ្ទុះ​កែច្នៃ​ពិតជាត្រូវ​បានគេបំផ្ទុះ នៅក្បែររបងរបស់ស្ថានទូត​អាមេរិក​ប្រចាំទីក្រុងប៉េកាំង នៃប្រទេសចិន​ប្រាកដមែន ប៉ុន្តែក្រៅពីជនបង្ក​ពុំមានជនណាផ្សេង​ទទួលរងរបួស ឬជួបគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ។ នេះបើតាម​ការបញ្ជាក់របស់អ្នកនាំ​ពាក្យ ស្ថាន​ទូត​ផ្ទាល់ វែបសាយ​របស់ស្ថានីយទូរទស្សន៍ CNN នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ហេតុការណ៍​ខាងលើបានកើតឡើង ​នាវេលាម៉ោង​ប្រមាណជា ០១៖០០នាទីរសៀល​ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅប៉េកាំង) ចំទីតាំងមួយ​នៅ​ខាងក្រៅ​​របង​ស្ថាន​ទូត​​​​អាមេរិក ដែលស្ថិត​នៅក្នុងសង្កាត់ ចៅយ៉ាង (Chaoyang) នៃរដ្ឋធានីប៉េកាំង ប្រទេសចិន។ បើតាមសេចក្តីថ្លែងការណ៍របស់​​អ្នកនាំពាក្យ​ស្ថាន​ទូតអាមេរិក បុគ្គល​ម្នាក់បានបំផ្ទុះ​គ្រាប់បែកច្នៃ​មួយគ្រាប់ ហើយ​ក្រៅតែ​ពី​ជនបង្ក គឺពុំមាននរណាផ្សេង​​រងរបួស​ឡើយ។

គួរជម្រាបថា បើតាម​ការលើកឡើងពីប៉ូលិសចិន ពួកគេកំពុង​បើកការស៊ើបអង្កេត​ទៅលើករណីនេះ និងបានឲ្យដឹងថា ​ជនបំផ្ទុះគ្រាប់​បែក​ បានធ្វើឲ្យរបួសដៃ​​ខ្លួនឯង ប៉ុន្តែមិនស្ថិត​ក្នុងស្ថានភាព​ដែលគំរាមកំហែង​ដល់អាយុជីវិត​ឡើយ។ នាពេលនេះ​ជងបង្ក​មានអាយុ ២៦ឆ្នាំ​ និងមាន​ត្រកូល ជីង ​មកពី​តំបន់ Inner Mongolia កំពុងទទួល​ការ​ព្យា​បាលទៅ​ឯមន្ទីរពេទ្យ៕