(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបង្ហាញការប្តេជ្ញាសហការជាមួយសភាអាមេរិក ដើម្បីរៀបចំសេចក្តីព្រាងទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្រោយពីលោកបានប្រកាសទាត់ចោលការគ្រប់គ្រងលើតំបន់គ្រីមៀរបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងអំឡុងនៃការផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Pompeo បានឲ្យដឹងថា រូបលោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងទណ្ឌកម្មនេះ ដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្តទៅជុំវិញពិភពលោក។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងគ្មានថ្ងៃទទួលស្គាល់ការគ្រប់គ្រងរបស់វិមានក្រឹមឡាំង លើតំបន់គ្រីមៀនោះឡើយ។
គួរជម្រាបថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចយោធាកំពូលទាំងពីរបានធ្លាក់ចុះដុនដាបដោយសារតែបញ្ហាអ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ ការបំពុលដោយអាវុធគីមីដោយអតីតចារជនរុស្ស៊ីនៅចក្រភពអង់គ្លេស និងរឿងអាស្រូវដែលចោទថា រុស្ស៊ីចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ ដោយសារតែការដាក់បញ្ចូនគ្រីមៀជាតំបន់របស់ខ្លួន រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៨ ឬ G8 កាលឆ្នាំ២០១៤ ថែមទៀតផង ក្រៅពីការទទួលរងទណ្ឌកម្មពីអាមេរិក និងអឺរ៉ុប៕