​(សេអ៊ូល)៖ កូរ៉េខាងជើង​នឹងប្រគល់អដ្ឋិធាតុ​កងទ័ពអាមេរិក ដែលបានស្លាប់​នៅអំឡុងសម័យ​សង្រ្គាមកូរ៉េ ឱ្យសហរដ្ឋអាមេរិក​វិញ​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បន្ទាប់ពីបាន​ទទួលក្ដាមឈូស​ចំនួន ១០០ ពីទីក្រុងវ៉ាស៊ីនតោន។ នេះបើតាម​ការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ព​អាមេរិក ដែលបានស្លាប់ក្នុង​សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានធ្វើឡើង​ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេស​សិង្ហបុរីកាលពី​ថ្ងៃទី១២ ខែមិថុនាកន្លងទៅ។

ដោយឡែក​កងទ័ពអាមេរិក កាលពីខែមិថុនា​ក៏បានអះអាងដែរថា ខ្លួនបានបញ្ជូន មឈូសចំនួន ១០០ ទៅកាន់តំបន់ព្រំដែន​គ្មានយោធារវាង​កូរ៉េទាំងពីរ ហើយបើតាម​យ៉ុនហាប់ កូរ៉េខាងជើង​បានទទួលមឈូស​ទាំងនេះហើយ ជា​មួយការរំពឹងថា ទីក្រុងព្យុងយ៉ាង​នឹងប្រគល់អដ្ឋិធាតុ​កងទ័ពអាមេរិក​ នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ដែល​ត្រូវនឹងថ្ងៃ​បា្ររព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខ​លើបទឈប់បាញ់​ឆ្នាំ១៩៥៣។

គួរបញ្ជាក់ថា ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ មិនបានបញ្ជាក់​ពីចំនួនអដ្ឋិធាតុកងទ័ព​អាមេរិក ដែលកូរ៉េខាងជើង​នឹង ប្រគល់ត្រឡប់​មកវិញនោះ​ទេ។ ប៉ុន្តែ​ក្រុមមន្ត្រី​អាមេរិក​បានឱ្យដឹងថា ទីក្រុង​វ៉ាស៊ីនតោន រំពឹងថា អាចនឹងទទួល​បានអដ្ឋិធាតុ​កងទ័ព​អាមេរិក ៥៥នាក់​ដំបូង ហើយអដ្ឋិធាតុ​ទាំងនេះនឹងត្រូវបាន​ធ្វើការវិភាគ DNA មុននឹងត្រូវ​បញ្ជូនបន្ត​ទៅ​រដ្ឋហាវ៉ៃ៕