(អង់ការ៉ា)៖ កាលពីឆ្នាំមុន អ្នកស្រី Ayse វ័យ៣២ឆ្នាំជាម្ដាយ ដែលមានកូនពីរនាក់ក្នុងបន្ទុក ព្រមទាំងជាគ្រូបង្រៀនផងនោះ បានថើបលាកូនសិស្សរបស់ខ្លួនមុនត្រលប់មកផ្ទះវិញ ហើយអ្វីដែលគួរឲសោកសង្រេកនោះ គ្រាន់តែមកដល់មុខទ្វាផ្ទះមិនទាន់បានចូលផង ប៉ូលិសបានមកឡោមព័ទ្ធ ហើយដាក់ខ្នោះដៃរួចបញ្ជូននៅកាន់ពន្ធនាគារ ក្រោមការចោទប្រកាន់ថា លោកស្រីគឺជាសកម្មជនរបស់ក្រុមចលនាបះបោរ Gulen។
ពីរខែក្រោយមកកូនប្រុសពៅអាយុ៤ឆ្នាំរបស់លោកស្រី ក៏ត្រូវបានបញ្ជូនឲ្យមកនៅក្នុងពន្ធនាគារជាមួយម្ដាយ ហើយរយៈពេលនៅក្នុងកន្លែងឃុំឃាំងនេះ គឺមិនខុសពីស្ថានភាពស្ថិតនៅក្នុងភាពយន្ដដ៏ភ័យរន្ធត់នោះឡើយ។
ជាទូទៅ បន្ទប់ពន្ធនាគារតូចមួយ អាចដាក់បានតែមនុស្ស១០នាក់ប៉ុណ្ណោះ ប៉ុន្ដែបន្ទប់របស់លោកស្រី Ayse ត្រូវបានបញ្ជ្រៀតគ្នាទាល់តែ ២៣នាក់ ដែលក្នុងនោះមានកូនក្មេងតូចៗជាច្រើននាក់។ កុមារតូចខ្លះជាទារក ដែលចាំបាច់ត្រូវការចាក់វ៉ាក់សាំង តែដោយសារតែស្ថានភាពនៅក្នុងនោះ មិនអំណោយផល វាបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ពួកគេយ៉ាងខ្លាំង។ លោកស្រី Ayse បានឲ្យដឹងថា ក្មេងខ្លះដែលទើបតែចេះដើរតេះតាស ស្រាប់តែបានដួលបោកក្បាលនឹងគ្រែដែកចេញឈាមរបួស បង្កឲ្យមានសម្លេងស្រែកយំត្រហឹងពេញផ្ទៃបន្ទប់។ អ្វីទាំងនេះប្រៀបបានដូចជាសុបិន្ដអាក្រក់សម្រាប់ម្ដាយទាំងឡាយ និងកូនៗរបស់ពួកគេ។
យោងតាមប្រភពរបាយការណ៍ ដែលតាមដានសកម្មភាពរដ្ឋាភិបាល បានឲ្យដឹងថា គិតត្រឹមចុងខែសីហា ២០១៧ មាន៦៦៨ករណីដែលកុមារក្រោមអាយុ០៦ឆ្នាំ ត្រូវទៅរស់នៅដោយវេទនា ក្នុងពន្ធនាគាររួមជាមួយម្ដាយរបស់ពួកគេ ហើយ២៣ភាគរយនៃក្មេងទាំងនោះ ជាទារកដែលមានអាយុមិនលើសពីមួយខួបផង។
គួរជម្រាបថា អំពើទាំងនេះ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ ការលូតលាស់និង សុខភាពរបស់កុមារ។ ពួកគេគួរណាតែទទួលបានការអប់រំក្ដីស្រលាញ់ថ្នាក់ថ្នមពីគ្រួសារ និងមនុស្សជុំវិញខ្លួន នៅក្នុងបរិយាកាសមួយដ៏ល្អប្រពៃ មិនមែនមកត្រូវរងទុក្ខវេទនាទាំងគ្មានកំហុសបែបនេះទេ៕